(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូរថែរក្សាការពារសុខសន្តិភាពឲ្យបានគង់វង្ស ដែលរកបានដោយលំបាក ហើយមានតែសុខសន្តិភាពពេញលេញទេ ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ការអំពាវនាវបែបនេះ ខណៈលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ ក្នុងខេត្តកំពត ប្រមាណ ជាង ១ពាន់អង្គ/នាក់ បានជួបជុំគ្នា ចូលរួមក្នុងពិធីបុណ្យមាឃបូជា រយៈពេល ២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី១២ ដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំធ្វើឡើងនៅប្រាសាទដើមពោធិ៍ ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
លោកស្រីប្រធានកិត្តិយសបានបន្តថា បុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលប្រជាពុទ្ធបរិស័ទ កាន់សាសនាព្រះពុទ្ធទូទាំងពិភពលោក តែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គ ចំនួន ៩ខែគត់។
លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានបញ្ជាក់ទៀតថា ការរៀបចំពិធីបុណ្យសាសនានេះឡើងបាន គឺដោយសារប្រទេសជាតិយើងបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយសារកត្តាសុខសន្ដិភាពនេះហើយ ទើបយើងមានអ្វីៗដូចសព្វថ្ងៃ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្ដិភាព ដែលរកបានដោយលំបាកនេះ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍ ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋទាំងមូលកាន់តែរីកចម្រើន។
លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានឱ្យដឹងថា ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង រួមមាន៖ ទី១-ការធ្វើចតុរង្គសន្និបាត ទី២-ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣-ព្រះពុទ្ធដាក់អាយុសង្ខារ។
ចតុរង្គសន្និបាតមានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង គឺទី១-ជាថ្ងៃឧបោសថដែលមានព្រះច័ន្ទពេញវង់ល្អ ទី២-ជាថ្ងៃដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទី៣-ភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាព្រះអរហន្ត និងទី៤-ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាឯហិភិក្ខុ។
រីឯការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ ដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នាជាដើម។
ចំណែកការដាក់អាយុសង្ខារ គឺជាថ្ងៃដែលព្រះពុទ្ធកំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់មកយោនយកកំណើតវិញឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គក៏ចូលព្រះនិព្វានក្នុងព្រះជន្ម៨០ព្រះវស្សាជាប្រាកដ។
លោកប្រធានមន្ទីរ បានបន្តថា ពិធីបុណ្យមាឃបូជាក្នុងឆ្នាំនេះ បានបា្ររព្ធធ្វើឡើង ប្រកបដោយសេចក្តីជ្រះថ្លា ពីសំណាក់ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ដែលក្នុងពិធីបុណ្យនេះ ក៏មានពិធីរាប់បាត្រព្រះសង្ឃ ចំនួន ៥០០អង្គផងដែរ៕