(ប៉ៃលិន)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តប៉ៃលិន ជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានអ្នកចូលរួមសរុបប្រមាណ ១,៤៣០នាក់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីធ្លាស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រាបជូនថា នៅទូទាំងខេត្តប៉ៃលិន មានខ្នងផ្ទះសរុប ១៨ ១១៣ខ្នងផ្ទះ ចំនួនភូមិមានបណ្តាញទឹកស្អាតគ្របដណ្តប់មានចំនួន ៧៤ភូមិ ស្មើនឹង ៧៩,៥%, ចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៨ ១១៣ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមាន ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនសរុប ១៧ ១៤៤ខ្នងផ្ទះ ស្មើនឹង ៩៥% និងខ្នងផ្ទះប្រើបង្គន់រួមសរុប ៩៦៩ខ្នងផ្ទះ ស្មើនឹង ៥%, ស្ថានភាពក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុប ២ក្រុង-ស្រុក ស្មើនឹង ១០០% ឃុំ-សង្កាត់ទាំង០៨ ទទួលបាន ODF ស្មើនឹង ១០០% និងក្នុងចំណោម ៩៣ ភូមិ មានភូមិចំនួន ៦០ ជាភូមិ ODF ស្មើនឹង ៦១% និង ៣៨ភូមិ ជាភូមិ ODF Plus ស្មើនឹង ៣៩%។
លោកស្រីអភិបាលខេត្តក៏បានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តប៉ៃលិន លើវិស័យអភិវឌ្ឍន៍ជនបទ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម, ការផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព និងអនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។
លោកនាយករងប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការភ្លែនអន្ដរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តប៉ៃលិនជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។
លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តប៉ៃលិនសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។
លោករដ្ឋមន្រ្ដីបានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្រ្ដីបានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន១៦ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+ និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន៕