(កំពង់ស្ពឺ)៖ លោកស្រី ដាំ​ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក​ ហ៊ុន​ ម៉ានី ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ ប្រធាន(ស.ស.យ.ក) និងជាប្រធានក្រុមការងារ​ចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមគ្រូពេទ្យឯកទេសចុះពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ ជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត នៅក្នុងខេត្តកំពង់ស្ពឺ ដែលការងារនេះផ្តើមពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ និងក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)។

លោកស្រី ​ដាំ​ ដារីនី បានលើកឡើងថា ដោយការគិតគូពីសុខទុក្ខ និងកាត់បន្ថយការចំណាយក្នុងការព្យាបាលកាយសម្បទាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមគ្រូពេទ្យឯកទេសចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។

លោកស្រីបន្តថា ប្រាកដណាស់ កុមារគឺជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សដ៏មានសារៈសំខាន់នាពេលអនាគតរបស់ប្រទេសជាតិ ក្នុងន័យនេះសុខុមាលភាពកុមារ តែងត្រូវបានយកចិត្តទុកដាក់ និងចាត់ទុកជា​កត្តាអាទិភាព ដោយរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ហើយកិច្ចការនេះបានបន្តជាអាទិភាព​សម្រាប់រាជរដ្ឋាភិបាល បច្ចុប្បន្ន​ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីបញ្ហាសុខភាព និងសុខុមាលភាពសាធារណៈ​ ហើយកត្តាសុខភាព គឺដើរតួនាទី​យ៉ាងសំខាន់​នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ដែលជាចំណែកផ្តល់ឱកាសឱ្យយើងអាចសិក្សារៀនសូត្រ និងប្រកបការងាររកស៊ី ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ សេចក្តីសុខ និងសុភមង្គលផ្ទាល់ខ្លួន ក្នុងក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិទាំងមូលផងដែរ។

ជាងនេះការពិនិត្យព្យាបាល និងវះកាត់ជំងឺជូនកុមារា កុមារីដោយឥតគិតថ្លៃនាពេលនេះ គឺជាការចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ ស្របជាមួយនឹងការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះក្មួយៗកុមារា កុមារីទាំងអស់ ដែលអនាគតរបស់កម្ពុជា ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការនយោបាយនោះឡើយ ហើយការគាំពារនេះគឺមានក្រសួងសុខាភិបាលជាសេនាធិការ និងមន្ទីរសុខាភិបាលខេត្ត ក្នុងការលើកកម្ពស់សុខុមាលភាព និងកាយសម្បទា របស់កុមារា កុមារីនៅតាមមូលដ្ឋាន ព្រមទាំងការចូលរួមសម្រាលបន្ទុក ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយកម្រិត។

ជាមួយនេះលោកស្រី ដាំ ដារីនី ក៏បានក្រើនរំលឹក និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព និងប្រកាន់ខ្ជាប់នូវការរស់នៅស្អាត មានអនាម័យជាប្រចាំ​ដើម្បីធានានូវសុខភាពល្អ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយត្រូវនាំកូនៗដែលមានបញ្ហាកាយសម្បទាមិនប្រក្រតី មកជួបក្រុមគ្រូពេទ្យ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលកូនចៅឱ្យជាសះស្បើយ និងមានកាយសម្បទាល្អប្រសើរដូចកុមារឯទៀត។

សូមបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាល និងវះកាត់ជូនដល់កុមារដែលមានបញ្ហាសរីរាង្គមិនប្រក្រតីពីកំណើត ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយនៅថ្ងៃទី១នេះក្រុមគ្រូពេទ្យបានទទួលការពិនិត្យ និងព្យបាលកុមារមកទទួលសេវាឥតគិតថ្លៃចំនួន១២៣នាក់ ៕