(ព្រះសីហនុ)៖ ថ្មីៗនេះ ក្រុមហ៊ុនចិនមួយបាននិងកំពុងប្រមូលទិញដំឡូងមីស្ងួត នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ឲ្យបានចំនួន១០ម៉ឺនតោនបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ។ នេះបើតាមការលើកឡើងរបស់លោក ហ្សូ ប៊ីន (XU BIN) នាយកក្រុមហ៊ុននាំដំឡូងមីស្ងួតចេញទៅប្រទេសចិន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក ហ្សូ ប៊ីន បានឱ្យដឹងថា ​ខេត្តដែលត្រូវបានក្រុមហ៊ុនប្រមូលទិញដំឡូងមី មានដូចជាខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត ជាក់ស្ដែងថ្ងៃនេះដំឡូងមីស្ងួតចំនួន១ម៉ឺនតោនដំបូង ត្រូវបាននាំចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់ប្រទេសចិន។

តែយ៉ាងណា ក្រុមហ៊ុនលោកនឹងបន្តទិញដំឡូងពីប្រជាកសិករឲ្យបានចំនួន១០ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ ហើយនៅថ្ងៃខាងមុខ លោកនឹងគ្រោងបង្កើតរោងចក្រដ៏ធំមួយសម្រាប់ការច្នៃដំឡូងមីស្ងួតនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ហ្សូ ប៊ីន បង្ហាញអារម្មណ៍មានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោកនឹងបណ្ដាក់ទុនក្នុងការទិញដំឡូងមីស្ងួតពីកសិករ ដែលកន្លងមកពួកគាត់ដាំបានតែរកទីផ្សារមិនបាន ដែលធ្វើឲ្យពួកគាត់ជួបបញ្ហាប្រឈមក្នុងការលក់ចេញ។

សម្រាប់ប្រទេសចិន ទីផ្សារដំឡូងមី គឺមានតម្រូវការច្រើនសន្ធឹកសន្ធាប់រាប់រយលានតោន ហើយក្រុមហ៊ុនរបស់លោកធ្លាប់ដំណើរការនាំចេញដំឡូងអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ តែដោយសារជំងឺកូវីដ១៩ ក៏បានធ្វើឲ្យមានការផ្អាកក្នុងការនាំចេញ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្ដើមប្រមូលទិញដំឡូងមីស្ងួតឡើងវិញ៕