(សៀមរាប)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ សហការជាមួយការិយាល័យអង្គការ UNODC​ ប្រចាំ​កម្ពុជា ក្រោមការគាំទ្រដោយរដ្ឋាភិបាលប្រទេសកាណាដា បានបើកវគ្គបណ្ដុះបណ្ដាលការគ្រប់គ្រងព្រំដែនលើបច្ចេកទេសស៊ើបអង្កេតកម្រិតខ្ពស់​ រយៈពេល៤ថ្ងៃ​ នៅខេត្ត​សៀមរាប។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង តំណាងនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងតំណាងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC​ ប្រចាំកម្ពុជា។

វគ្គបណ្ដុះបណ្ដាល​ខាងលើ​ មានគោលបំណង៖

*ទី១៖ បង្កើនចំណេះដឹង ​និងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ជួរមុខក្នុង​ការ​ បង្ការ ទប់ស្កាត់​ និងបង្ក្រាប ការចរាចរគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែន​ ឲ្យទាន់ពេលវេលា និងសម្របតាមបច្ចុប្បន្នភាពនៃការចរាចរ និងស្ថានភាពគ្រឿងញៀនក្នុងតំប
*ទី២៖ ពង្រឹង ​និងបង្កើនកិច្ចសហការគ្នាឲ្យបានជិតស្និទ្ធបន្ថែមទៀត ជាមួយសមត្ថកិច្ចពាក់ព័ន្ធជាប់ជាប្រចាំ
*ទី៣៖ ស្វែងយល់​អំពីស្ថានភាព និងនិន្នាការបច្ចុប្បន្ន
*ទី៤៖ ស្វែងយល់​អំពីបទល្មើសឆ្លងដែនមានអង្គការចាត់តាំង TOC
*ទី៥៖ ការរៀបចំផែនការប្រតិបត្តិការ,​ ការឃ្លាំមើលសម្ងាត់,​ ការសង្កេតសកម្មភាពកដឹកជញ្ជូនសង្ស័យ,​ ការគ្រប់គ្រង​កន្លែងកើតហេតុ, ការត្រួតពិនិត្យឆែកឆេររថយន្តជនសង្ស័យ,​ ការសួរចម្លើយជនសង្ស័យ​ និងការកសាងនីតិវិធី និងក្រោយការស៊ើបអង្កេត
*ទី៦៖ អនុវត្ត​លំហាត់​ និងអនុវត្តករណីសិក្សាជាក់ស្ដែង ដើម្បី​ធានាដល់ការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕