(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។

ការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសទទួលជួបលោក គ្រុយ សារិត នារសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ ដែលនឹងរួមចំណែកបំពេញបន្ថែម លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់កាលានុវត្តភាពថ្មី បន្ថែមដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរថ្មី បង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន កាន់តែប្រសើរ។

លោករដ្ឋមន្រ្តីបានបន្ថែមថា លើសពីនេះ គម្រោងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយបានផ្ដល់ជម្រើសសេដ្ឋកិច្ច ដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការអភិវឌ្ឍគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថាន បានដាក់ចេញ ដោយបង្រៀនសហគមន៍ឱ្យចេះផ្តល់សេវាកម្ម និងបង្កើតផលិតផល ទេសចរណ៍ ដែលផ្អែកលើធម្មជាតិ និងការពារ ទប់ស្កាត់ការបាត់បង់ព្រៃឈើ និងការរិចរិលព្រៃឈើ ចូលរួមចំណែក ដល់ការបង្កើនគម្របបៃតង និងជួយកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។ លើសពិណេះ ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ អាចទទួលបានជោគជ័យ លុះត្រាតែប្រជាសហគមន៍មូលដ្ឋាន មានប្រភពចំណូល ជាប្រចាំ និងមានភាពជាម្ចាស់លើគម្រោង ដើម្បីអភិវឌ្ឍន៍ជីវភាព រស់នៅប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា លោក គ្រុយ សារិត បានទទួលអនុសាសន៍ណៃនាំពីលោករដ្ឋមន្ត្រី លើគម្រោងអភិរក្សសត្វឃ្មុំនៅកម្ពុជា ដែលបច្ចុប្បន្ននេះ គម្រោងបានកំពុងត្រៀមរៀបចំឱ្យមានដំណាំផ្កាឈូករ័ត្ន និងដើមគរ សម្រាប់សត្វឃ្មុំក្រេបយកលំអង និងផលិតជាទឹកឃ្មុំធម្មជាតិ ដែលមានគុណភាពល្អ សម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ៕