(ស្វាយរៀង)៖ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA) បានទទួលការអនុញ្ញាតពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដឹកនាំសមាជិក សមាជិកា សមាគម និងក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទុីកមួយចំនួន ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ ពីនីតិវិធីគយ និងបំពេញបែបបទនៅតាមបណ្តាមាត់ច្រកព្រំដែន ព្រៃវល្លិ៍ បាវិត តំបន់សេដ្ឋកិច្ចពិសេស និង សាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកជា ចាន់ដារ៉ា ប្រធានសមាគម និងប្រតិភូ បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ប្រធានការិយាល័យគយបាវិត ប្រធានការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ និងប្រធានការិយាល័យតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ដោយមានការចូលរួមពីអនុប្រធាន និងមន្ត្រីគយជាច្រើនរូបផងដែរ។
សមាគម និងប្រតិភូ ទទួលបានការណែនាំ និងពន្យល់បង្ហាញនូវនីតិវិធី ការបំពេញបែបយ៉ាងក្បោះក្បាយពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគយនៅក្នុងតំបន់ និងតាមមាត់ច្រកនីមួយៗទៀតផង សមាគមក៏បានធ្វើបទបង្ហាញ និងរៀបរាប់ពីសកម្មភាពរបស់សមាគមកន្លងមក និងបានពិភាក្សាអំពីកិច្ចសហការជាមួយស្ថាប័នគយនាពេលខាងមុខ។
សមាគម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការសម្របសម្រួលពីថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ និងបន្តកិច្ចសហការបន្ថែមទៀត ដើម្បីគាំទ្រវិស័យឡូជីស្ទីកនៅកម្ពុជាឱ្យកាន់តែប្រសើ និងរីកចម្រើនបន្ថែមទៀត៕