(ភ្នំពេញ)៖ ឆ្នាំ២០២៤ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ សរុបបានចំនួន១៧,៩៨០ហិកតា ខណៈឆ្នាំនេះ នឹងបោសសម្អាតគ្រាប់សំណល់សង្គ្រាម ចំនួន១៩២គីឡូម៉ែត្រក្រឡា។ នេះបើតាមរបាយការណ៍បង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលស៉ីម៉ាក់ នៅរសៀលថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមរបាយការណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៉ីម៉ាក់ សម្រេចបានមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១៧,៩៨០ហិកតា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១០,៥៦៤ហិកតា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧,៤២៣ហិកតា។
កិច្ចប្រតិបត្តិការនេះ រុករកឃើញ និងកម្ទេចចោលគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន៩៦,៣៧១គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន១៤,០០២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន១៥៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន៨២,២១៤គ្រាប់ ព្រមទាំងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ បានចំនួន៤.០៦១ករណី។
ផ្អែកលើទិន្នន័យសេដ្ឋកិច្ចសង្គមឃើញថា ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួន ៦៧៤,៦២៦គ្រួសារ។
អង្គភាព CMAC ក៏បានធ្វើការស្រាវជ្រាវព័ត៌មានគ្រាប់មីន និងគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះដោយក្រុមស្រាវជ្រាវព័ត៌មានរកឃើញចម្ការមីនចំនួន ៤,៨០៩ហិកតា និងកំណត់ពហុកោណតំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះបានចំនួន៤,៤៦៨ពហុកោណ ស្មើនឹងផ្ទៃដីចំនួន៦១៥,៧៤៦ហិកតា។
ដោយឡែកចំពោះផែនការសមាហរណកម្មឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិវិស័យមីន របស់រាជរដ្ឋាភិបាលអណត្តិទី៧ (២០២៣-២០២៨) ស្តីពីកម្ពុជាគ្មានមីនប្រឆាំងមនុស្សឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាអតិបរិមា និងយុទ្ធសាស្រ្តមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឆ្នាំ ២០១៩-២០២៥ អង្គភាព CMAC បានដាក់ចេញនូវបេសកកម្មសំខាន់ៗរួមមាន៖
១៖ ធ្វើការបោសសម្អាតតំបន់រងការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់សំណល់សង្គ្រាមចំនួន១៩២គីឡូម៉ែត្រក្រឡា។
២៖ ធ្វើការអប់រំ និងកាត់បន្ថយគ្រោះថ្នាក់មីន/ស.ផ.ស (សំណល់យុទ្ធភណ្ឌសង្គ្រាម) ជូនដល់ប្រជាពលរដ្ឋចំនួនប្រមាណ១.៨លាន ទៅ២លាននាក់។
៣៖ បន្ដធ្វើការស្រាវជ្រាវចម្ការមីនគ្រប់ជ្រុងជ្រោយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការស្រាវជ្រាវគ្រាប់ បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះដែលត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ និងរៀបចំប្រព័ន្ធទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ។
៤៖ ពង្រឹងសមត្ថភាពធនធានមនុស្ស ក្នុងក្របខ័ណ្ឌអង្គភាពនិងជាតិ ព្រមទាំងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈផ្ដល់ការហ្វឹកហ្វឺនជំនាញ ដល់បណ្តាប្រទេសទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ៕