(ភ្នំពេញ)៖ កម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលបង្ហាញពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «ដ៏ស្រស់ស្អាតផូរផង់ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវកិត្ដិយសបានអញ្ជើញចូលរួម ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។

យុវជនកាកបាទក្រហមកម្ពុជាប្រចាំសកលវិទ្យាល័យភូមិវិចិត្រសិល្បៈ ឈ្មោះ ឱម រំដួល ដែលបានចូលរួមក្នុងកម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា កម្មវិធី «រាត្រីស្រមោសរ សំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺរៀបចំបានល្អ និងទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនជាខ្លាំង។

«សម្រាប់ខ្ញុំគឺសប្បាយរីករាយជាខ្លាំង ពេលមានការរៀបចំកម្មវិធីលើកតំឡើងវប្បធម៌ខ្មែរយើង ពិសេសការស្លៀកពាក់របស់ស្ដ្រីខ្មែរយើង ឃើញហើយពិតជាមានមោទនភាពណាស់។ សម្លៀកបំពាក់របស់ខ្មែរមិនត្រឹមតែស្អាត តែបង្ហាញពីអត្ដសញ្ញាណរបស់ជាតិយើង ដោយគ្រាន់តែស្លៀកពាក់ ក៏គេដឹងថាយើងមកពីប្រទេសណាដែរ។ អ្វីដែលធ្វើឱ្យពួកខ្ញុំកាន់តែបង្កើតចិត្ដខ្ញុំឱ្យស្រលាញ់នូវសម្លៀកបំពាក់ខ្មែរយើងកាន់តែខ្លាំងនោះ គឺពេលដែលបានស្ដាប់ប្រសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងវត្ដមានរបស់លោកជំទាវបណ្ឌិត គឺកាន់តែធ្វើឱ្យកម្មវិធីមានសម្រស់ស្រស់ស្អាត និងជាកត្ដាជំរុញកាន់តែខ្លាំង ដល់យុវជនយើង ត្រូវរួមគ្នាស្រលាញ់ និងបន្ដថែរក្សា ឱ្យបានគង់វង្ស»។ ការបញ្ជាក់បន្ថែមរបស់យុវជនកាកបាទក្រហមកម្ពុជាប្រចាំសកលវិទ្យាល័យភូមិវិចិត្រសិល្បៈ។

ទន្ទឹមនឹងនោះដែរ កញ្ញា រតនា បញ្ញា ជានិសិ្សតឆ្នាំទី២ ជំនាញបុរាណវិទ្យា និងជាប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បានលើកឡើងទាំងអារម្មណ៍រីករាយយ៉ាងខ្លាំង ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «ថ្ងៃខ្ញុំសប្បាយចិត្ដដែលបានចូលរួមក្នុងកម​្មវិធី ពិសេសបានយល់កាន់តែច្បាស់ពីតម្លៃនៃសម្លៀកបំពាក់របស់ខ្មែរយើង ពិសេសប្រសាសន៍អំពាវនាវរបស់បងស្រី (ពេជ ​ចន្ទមុន្នី ហ៊ុនម៉ាណែត) បានជំរុញទឹកចិត្ដរបស់ខ្ញុំ ឱ្យកាន់តែស្រលាញ់សម្លៀកបំពាក់របស់ខ្មែរយើង»

ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់យុវជនកាកបាទក្រហមកម្ពុជា ជាមួយបណ្ដាញព័ត៌មាន Fresh News ដូចតទៅ៖