(សៀមរាប)៖ សៀវភៅលើសពីអង្គរ ដែលសរសេររៀបរាប់ពីប្រាសាទនៅតំបន់អង្គរ ផ្លូវបុរាណនៅស័យអង្គរ ប្រពៃណី ទំនៀមទំលាប់ និងជីវភាពរស់នៅ ព្រមទាំងតំបន់មួយចំនួនទៀត ដែលទាកទងទៅនឹងសម័យអង្គរនៅក្នុងខេត្តសៀមរាប។ សៀវភៅនេះ រៀបចំធ្វើឡើងដោយសារព័ត៌មានឌីជីថលថ្មីៗ សហការជាមួយអាជ្ញាធរជាតិអប្បរា និងភាគីពាក់ព័ន្ធមួយចំនួនចំនួនទៀត។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ បានលើកឡើងថា លើសពីអង្គរ គេតែនិយាយគ្រប់ៗគ្នា ប៉ុនែ្តរឿងរ៉ាវពិតនៅពីក្រោយលើសពីអង្គរ ហាក់ដូចមិនទាន់មានអ្នកជីកកកាយ ឬក៏មិនទាន់មានអ្នកស្រាវជ្រាវ សរសេរច្រើនប៉ុន្មាននោះទេ។

លោកបន្តថា នេះមិនម៉ែនជាលើកទី១ទេ អាចថាធ្លាប់មានគេសរសេរច្រើនហើយ ប៉ុនែ្តនេះជាលើកទី១ ដែលក្រុមសារព័ត៌មានឌីជីថលថ្មីៗ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងស្រាវជ្រាវចងក្រង ប្រវត្តិជាច្រើនក្រៅពីប្រាសាទ មានន័យថា សៀវភៅនេះ មិនសូវមានប្រវត្តិប្រាសាទប៉ុន្មាននោះទេ មូលហេតុ ដោយសារមានអ្នកស្រាវជ្រាវពីមុនៗមក មានទាំងខ្មែរ និងបរទេស គាត់បានសរសេរច្រើនរួចហើយ ទាក់ទងទៅនឹងប្រាសាទនៅតំបន់អង្គរ។

លោកបានបន្តថា សៀវភៅនេះងាកចេញពីប្រវត្តិប្រាសាទបន្តិច និងរៀបរាប់ច្រើនអំពីជីវភាពរស់នៅប្រជាពលរដ្ឋ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងចោទជាសំណួរនៅលើប្រធានបទមួយចំនួន ថាហេតុអ្វី បានជាត្រូវមកទស្សនាថ្ងៃលិច ឬមួយក៏ថ្ងៃរះ នៅតំបន់រមណីយដ្ឋានអង្គរ ដោយចម្លើយមាននៅក្នុងសៀវភៅនេះទាំងអស់។​ អត្ថបទមួយទៀត ដែលរំលេចនៅក្នុងសៀវភៅនេះដែរ យើងចោទជាសំណួរ ហេតុអីបានត្រូវមកទស្សនាម្ដងហើយម្ដងទៀត នៅតំបន់សៀមរាបអង្គរ។

លោក គី សុខលីម បន្ថែមថា គេនិយាយថាសៀមរាបអង្គរ ជាចំណុចប្រសប់រវាងអតីតកាល បុរាណកាល និងសម័យទំនើបនាពេលបច្ចុប្បន្ននេះ។ មានន័យថា យើងមកលើទឹកដីអង្គរនេះ ធម្មតាអ្នកទេសចរណ៍គាត់រំភើបខ្លាំង ព្រោះហាក់បីដូចជា គាត់បានវិលត្រឡប់ទៅកាលពី ១០០០ឆ្នាំមុន ហើយក៏គាត់បានឃើញអ្វីៗដែលរីកចម្រើននៅសតវត្សទី២១នេះដែរ  ដូច្នេះអត្ថន័យទាំងអស់ គឺមាននៅក្នុងសៀវភៅនេះ។

ម្យ៉ាងទៀត ទាក់ទងប្រពៃណី ទំនៀមទម្លាប់ ក៏បានជីកកកាយដាក់នៅក្នុងសៀវភៅនេះទាំងអស់ ដូចជា៖ ពិធីចាប់ត្រីរបស់អ្នកស្រុកអង្គរ, ពិធីសុំទឹកភ្លៀង និងថ្មដែលយកមកសាងសង់ប្រាសាទកាលពី ១០០០ឆ្នាំមុនហ្នឹង យកនៅកន្លែងណា មានរឿងរ៉ាវដូចម្ដេច។ អ្នកជំនាញបរទេស គាត់និយាយថា ថ្មប្រាសាទមានព្រលឹង ហេតុអីបានថ្មប្រាសាទមានព្រលឹង ហេតុអីបានជាព្រៃឈើមានសារៈសំខាន់សម្រាប់ប្រាសាទ និងហេតុអីបានជាមានទឹកមានប្រាសាទ។

លោកបញ្ជាក់ថា អ្នកជំនាញបរទេស និងខ្មែរ និយាយថា រមណីយដ្ឋានអង្គរ គឺជាទីកន្លែងមួយដែលព្យាបាលអារម្មណ៍ផ្លូវចិត្ត, ជាទីក្រុងទឹក ឬក៏ទីក្រុងធារាសាស្រ្ត, ជាទីក្រុងប្រាសាទ, ជាសារមន្ទីរមួយដែលស្រាវជ្រាវមិនចេះមិនចេះហើយ, ជាឋានសួគ៌នៅលើដី, ជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រវប្បធម៌ ឬក៏អរិយធម៌ដ៏សំបូកបែបជាងគេនៅលើសកលលោក និងជាទីសក្ការៈដ៏ស័កសិទ្ធិដែលគេមិនធ្លាប់ឃើញ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ យល់ឃើញថា សៀវភៅនេះ មានការរៀបរាប់ច្រើនលើសពីអង្គរ ហើយអាជ្ញាធរជាតិអប្សរាសង្ឃឹមថា នឹងមានសៀវភៅនេះនៅភាគ ២តទៅទៀត មិនមែនចប់ត្រឹមនេះទេ ពីព្រោះសៀវភៅនេះ វានៅមានចំណុចបន្ថែមផ្សេងៗទៀត។ លោកបន្តថា អ្នកដែលយកសៀវភៅនេះ ទៅអានមានចំណាប់អារម្មណ៍បែបណាចំពោះសៀវភៅនេះ បើសិនជាមានការគាំទ្រ លោកជឿថា ប្រាកដជាមានភាគ ២ និងភាគ ៣តទៅទៀត។

លោក ហ្វីលីព សែតកៅ សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានលើកឡើងថា នៅសម័យអាណាចក្រអង្គរ នៅក្នុងដំណាក់កាលមួយនោះ នៅពេលដែលមានការផ្លាស់ប្ដូរសាសនា ពីសាសនាព្រហ្មញ្ញសាសនា មកព្រះពុទ្ធសាសនា អាណាចក្រអង្គរនៅតែអាចធ្វើឲ្យសេដ្ឋកិច្ចនាពេលចម្រើនបាន។ ដូច្នេះហើយ រឿងរ៉ាវអាថ៌កំបាំង ដែលមិនទាន់បានបកស្រាយនៅពេលនេះ ក៏ប្រហែលជាអាចជាមូលហេតុ ដើម្បីអាចឲ្យចេញជាវគ្គ២នៃសៀវភៅដែរ។

លោកបញ្ជាក់ថា ការពិតទៅនៅតំបន់អង្គរមានរឿងពាក់ព័ន្ធច្រើនណាស់ និយាយរួមប្រទេសមួយ ដែលគិតថា នៅក្នុងពេលនោះជាអាណាចក្រមិនធម្មតាទេ ទាំងសេដ្ឋកិច្ច វប្បធម៌ អរិយធម៌ និងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋ។ សៀវភៅនេះ ដែលបានរំលេចឡើងនៅក្នុងវគ្គមួយនេះ លោកគិតថា ជាគោលសំខាន់ៗ ដែលអាចឲ្យអ្នកអានគាត់នឹងដឹងជ្រៅបន្ថែមទៀតពីក្រៅពីអង្គរ។ ក្នុងនោះដែរ សមាគមក្លឹបទេសចរណ៍សៀមរាប ក៏នឹងព្យាយាមយកទៅផ្សព្វផ្សាយដល់ភ្ញៀវទេសចរ ដែលមកទស្សនាខេត្តសៀមរាប៕