(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងណែនាំដល់ រដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីជាផលប្រយោជន៍ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងកាន់តែល្អ។ លោកអភិបាលខេត្តលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
លោកអភិបាលខេត្ត បានស្នើដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង ត្រូវពិនិត្យទៅលើទីកន្លែងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស បានត្រឹមត្រូវច្បាស់លាស់ ដើម្បីការពារការបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវទីសាធារណៈ។ រដ្ឋបាលក្រុងស្រុកទាំងអស់ត្រូវរៀបចំ អនាម័យ សោភ័ណភាព តាមដងផ្លូវ ទីប្រជុំជនជាពិសេសនៅតំបន់ផ្សារ ឲ្យមានរបៀបរៀបរយ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដ៏ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ព្រមទាំងបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។
លោកបានបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីធានា សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្នាក់នៅប្រកបដោយសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានកោតសរសើរដល់កម្លាំងមានសមត្ថកិច្ចដែលខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានយ៉ាងល្អនាពេលកន្លងមក និងសូមឲ្យខិតខំនៅការងារនេះបន្តទៀត។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរនាពេលកន្លងមកនោះផងដែរ៕