(ក្រចេះ)៖ លោក ខូវ ណារ៉ូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដក្រចេះ បានចេញដីបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទចំនួន៣នាក់ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃ នៅចំណុច ភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមដីការបស់សាលាដំបូងខេត្ដក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

ជនត្រូវចោទទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ទិត្យ សារ៉ាវុធ អាយុ៤៨ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី២៖ ឈ្មោះ ស៊ុំ ធឿន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ២៥ឆ្នាំ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

សូមជម្រាបថា បុរសទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធស្រុកចិត្របុរី ចុះបង្រាប និងឃាត់ខ្លួន បានកាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងចាប់វត្ថុតាង រួមមាន៖ ត្រាក់ទ័រម៉ាក ចនឌា ៦៥ ពណ៌ខៀវខ្ចី ចំនួន០១គ្រឿង, ត្រាក់ទ័រម៉ាក ចនឌា ៧៥ ពណ៌ខៀវខ្ជី ចំនួន០១គ្រឿង។

ដោយឡែក ប្រភពពីប្រជាពលរដ្ឋ ជាម្ចាស់ដីថា ដីនោះពួកគាត់ បានទិញតពីអ្នកភូមិនៅមូលដ្ឋាននោះ ដោយមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ហើយកន្លងទៅអាជ្ញាធរ ធ្លាប់ប្រមូលលុយពីប្រជាពលរដ្ឋនៅតំបន់នោះ ថាដីតំបន់នោះ អាជ្ញាធរស្នើសុំកាត់ឃ្វៀលចេញពីដីគម្របព្រៃឈើ ឲ្យទៅប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល មិនក្រោម៥ឆ្នាំនោះទេ៕