(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ដោយមានការចូលរួមពី លោកស្រី សាន្ត អរុណ សមាជិកាគណៈកម្មការទី៨ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការ តំណាងលោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានថ្នាក់ដឹកនាំ និងឧត្តមភរិយាថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ និងនិយោជិតជានារីជាច្រើនរូប។
ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។
សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ មូលបទជាសកលដែលអង្គការសហប្រជាជាតិបានដាក់ចេញគឺ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងផ្តល់សិទ្ធិ អំណាច និងកាលានុវត្តភាពស្មើភាពគ្នាទៅដល់ស្ត្រីគ្រប់រូប ជាពិសេសគឺការផ្តល់សិទ្ធិអំណាច ដល់កុមារី និងយុវនារីជំនាន់ក្រោយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទសម្រាប់ឆ្នាំ២០២៥នេះ ដែលជាការ បន្តមូលបទពីឆ្នាំមុន គឺ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» មានន័យថា បន្ទាប់ពីស្ត្រីនិងក្មេងស្រីទទួលបាននូវចំណេះដឹងអំពីការប្រើប្រាស់ផ្នែកឌីជីថលគ្រប់គ្រាន់ ត្រឹមត្រូវក្នុងជីវភាព រស់នៅ និងកន្លែងការងារ នោះការជំរុញ និងលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចជូនស្ត្រី និងក្មេងស្រី នឹងត្រូវអនុវត្តនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅតាមក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធជាក់ជាមិនខាន។
ទន្ទឹមនឹងនេះ ស្ត្រី ក្មេងស្រី និងបុរសគ្រប់វ័យគ្រប់ទីកន្លែងក៏ត្រូវ បន្តរួមគ្នាថែរក្សា និងពូនជ្រុំកិច្ចសហការ សាមគ្គីភាព ឯកភាព សុខសន្តិភាព សុវត្ថិភាពគ្រប់ ផ្នែក ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងយុគសម័យឌីជីថលប្រកបដោយចីរភាព។
លទ្ធផលការងារយេនឌ័រដែលក្រសួងបានសម្រេចបាននៅក្នុងឆ្នាំ២០២៤កន្លងទៅ បានឆ្លុះបញ្ចាំងអំពីការផ្តល់តម្លៃ និងការលើកតម្កើងស្ត្រីដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនារីគ្រប់លំដាប់ថ្នាក់ឱ្យទទួលបានឱកាសក្នុងការដឹកនាំ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីរួបរួមសាមគ្គីភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថស័ក្តិសមជានារីខ្មែរដែលមានសីលធម៌ សុជីវធម៌ និងគុណធម៌ថ្លៃថ្នូរតាមគំរូរបស់ ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ ជាពិសេស សម្តេចកិតិ្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងស្រ្តីទី១របស់កម្ពុជាបច្ចុប្បន្ន គឺ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ថ្លែងនាឱកាសនោះ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍ នា បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារីទាំងអស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនជូនក្រសួង និងសង្គមជាតិ នេះជាគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារី ពិតជាបានបង្ហាញឱ្យឃើញអំពីភាពជាថ្នាក់ដឹកនាំស្រ្តីគំរូ និងភាពជាអ្នកម្តាយដែលប្រកបដោយព្រហ្មវិហាធម៌ ចរិយាធម៌ មនុស្សធម៌ដ៏ប្រពៃ មានទឹកចិត្តសណ្តោសប្រោសប្រណី និងជាម្លប់ដល់កូនចៅទាំងអស់គ្នាផងដែរ។
ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រី បានរំលេចអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន», «ជួយស្ត្រីគឺជួយខ្លួនឯង»។
ភ្ជាប់ជាមួយប្រសាសន៍លើកឡើងខាងលើលោករដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការនារីទាំងអស់ សូមបន្តរក្សា និងបង្កើនឆន្ទៈស្មារតីរួបរួមសាមគ្គីឯកភាពក្នុងរង្វង់ស្ត្រីដូចគ្នា និងប្រើប្រាស់សមត្ថភាព ទេព្យកោសល្យ និងគំនិតថ្នៃប្រឌិតខ្ពស់ក្នុងការបំពេញភារកិច្ច និងនាំយកសមិទ្ធផលការងារជូនសង្គមជាតិ៕