(វៀតណាម)៖ សិលាចារឹក និងតោថ្ម នេះគឺជាវត្ថុដែលមានអាយុកាលចាស់ជាងគេ នៅក្នុងចំណោមវត្ថុបុរាណដែលនៅសេសសល់ក្នុងវត្ត «សម្បូរណ៍រង្សី» ដែលមានយុកាលជាង ១៦០០ឆ្នាំ និងកសាងឡើងនៅឆ្នាំ៣៧៣ នៃគ.ស ពោលគឺមានអាយុច្រើនជាងប្រាសាទអង្គរវត្តទៅទៀត។ បច្ចុប្បន្នអារាមមួយនេះស្ថិតនៅក្នុងភូមិ តាខាវ (សម្បូរណ៍) ឃុំហ្វាអឹង (ក្រសាំង) ស្រុកកូវកែ (កំពង់ស្ពាន) ខេត្តត្រាវិញ (ព្រះត្រពាំង) បច្ចុប្បន្នមានព្រះតេជគុណ ថាច់ យ៉ឿង ជាព្រះគ្រូចៅអធិការវត្ត។ ក្រុមការងារបណ្ដាញព័ត៌មាន Fresh News បានចុះទៅយកព័ត៌មានដោយផ្ទាល់ អំពីប្រវត្តិនៃវត្តបុរាណនេះ។

សិលាចារឹកដែលបម្សល់ទុកនៅវត្តបុរាណនេះបានសរសេរភាសាសំស្រឹ្កត ថា៖ «ភោគីន្រ្ទាស្យសហស្រនិ្សតចលជ្ជិហ្មាតទិច្ចុម្វិត» ត្រូវបានលោក ហ្សក ស៊ីដែស បកប្រែជាភាសាបារាំង ហើយលោកសាស្រ្តាចារ្យ អាំង ជូនលាន ប្រែសម្រួលជាភាសាខ្មែរថា៖ «ដោយមានពន្លឺបត់បែនចេញពីមាត់ទាំង១ពាន់ នៃស្ដេចនាគ មកបបោសអង្អែល»

យោងតាមខ្លឹមសារនៃសិលាចារឹកខាងលើនេះ គឺមានស្ដេចនាគទាំងមួយពាន់ ដែលខ្មែរយើងធ្លាប់បានគោរពបូជាតាំងពីបុរាណមកនោះ បានបញ្ចេញនូវបន្លឺយ៉ាងចញ្ចាចមកបបោសអង្អែលថែរក្សាពុទ្ធបរិស័ទទាំងអស់ដែលនៅក្នុងភូមិស្រុកនេះ ទើបអារាមនេះមានឈ្មោះថា «សម្បូររង្សី» គឺសម្បូរណ៍ពន្លឺ។ ដូច្នេះសិលាចារឹក គឺជាដួងព្រលឹងរបស់វត្ត ដែលមិនអាចបាត់បង់បានឡើយ។ អ្នកដែលចូលរួមថែរក្សា នឹងទទួលបានការប្រទានពរពីស្ដេចនាគ ជាក់ជាមិនខាន៕