(សៀមរាប)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងរបស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ៩០ម៉ែត្រ ស្ថិតនៅភូមិចេក និងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ពិធីនេះ មានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក, អភិបាលរងនៃគណ:ស្រុក, ឧត្ដមសេនីយ៍ នរិន្រ្ទរិទ្ធិ នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម, ប្រធាន និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប, អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្រុក និងប្រជាពលរដ្ឋប្រមាណជាង ៧៥នាក់។

បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានសម្ដែងការស្វាគមន៍ និងធ្វើរបាយការណ៍រួចមក, លោក រស់ ប៊ុនថន អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង បានលើកឡើងពីសក្ដានុពលនៃការងារសាងសង់ស្ពានបេតុងនេះថា នឹងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់ដល់ឃុំចំនួន ២ គឺឃុំពង្រលើ និងឃុំគោកធ្លកលើ ព្រមទាំងបានតភ្ជាប់ការធ្វើចរាចរណ៍ ក៏ដូចជាការដឹកជញ្ជូនផលិតផលវិស័យកសិកម្មមួយចំនួនរបស់ក្នុងស្រុកសូត្រនិគម និងស្រុកជីក្រែងផងដែរ។

ទន្ទឹមនឹងនេះ លោក ឈឹម សៅគី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមជាមួយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធី។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ស្ពានបេតុងប្រវែង ៩០ម៉ែត្រ ទទឹងប្រវែង ១០ម៉ែត្រ និងសាងសង់ផ្លូវល្បាយគ្រួសសងខាងក្បាលស្ពានដែលម្ខាងៗមានប្រវែង ១០០ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ឆ្លងកាត់ស្ទឹងជីក្រែង ត្រង់ចំណុចភូមិចេក និងភូមិដុបត្នោត ក៏ដូចជាការតភ្ជាប់ឃុំចំនួនពីរគឺ ឃុំពង្រលើ ស្រុកជីក្រែង មានចំនួន ១០ភូមិ ស្មើនឹង ២,៤៦៥គ្រួសារ ប្រជាពលរដ្ឋ ១០,៨១៦នាក់ ក្នុងនោះស្រី ៥,៤៦៩ នាក់ និងឃុំគោកធ្លកលើ និងភ្ជាប់ទៅឃុំតាយ៉ែកស្រុកសូទ្រនិគមចំនួន ១៣ភូមិ ស្មើនឹង ២,៧០២គ្រួសារ ដែលមានប្រជាពលរដ្ឋ ១២,០៩៤នាក់ ក្នុងនោះស្រី ៥,៨៦៩នាក់។ លោក បានបន្តថា ស្ពាននេះនឹងប្រើពេលសាងសង់ចន្លោះពី៤ ទៅ៥ខែ គឺគ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។

បន្ថែមពីនេះ លោក បានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងនាពេលនេះ អាចប្រព្រឹត្តទៅបានគឺ ដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេនប្រកបដោយភាពឈ្លាសវៃ គតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ជាថ្មីម្ដងទៀត គណៈអធិបតី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ស្ពាននេះផងដែរ៕