(ភ្នំពេញ)៖ ការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥៤ថ្ងៃ ស្របពេលដែលពិធីបិទនាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នឹងធ្វើឡើង ក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅពហុកីឡដ្ឋានជាតិ ចាប់ពីវេលាម៉ោង១៥៖០០នាទីរសៀលតទៅ។

ក្នុងការប្រកួតលើកទី២ ឆ្នាំ២០២៥នេះ មានក្លឹបចំនួន ១៣ចូលរួម រួមមានក្លឹបមកពីបណ្ដាអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាននានា ដោយចែកចេញជា ៤ពូល ក្នុង១ពូល មាន ៣ក្រុម លើកលែងតែពូល D មាន ៤ក្រុម សរុបការប្រកួតចំនួន ២៣ប្រកួត។

ជាលទ្ធផលក្រោយការប្រកួតយ៉ាងស្វិតស្វាញប្រមាណជិត២ខែ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្លឹបបាល់ទាត់អន្តោប្រវេសន៍មានជ័យ និងក្រុមរងជើងឯកឆ្នាំចាស់ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តឡើងជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រសាជាថ្មី នាឆ្នាំ២០២៥នេះ បន្ទាប់ពី អន្តោប្រវេសន៍មានជ័យ យកឈ្នះ ក្លឹបខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ២ទល់០ ស្របពេលដែល អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៩ទល់៣ កាលពីល្ងាចទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវជួបអន្តោប្រវេសន៍មានជ័យ ដើម្បីដណ្ដើមជើងឯក នៅវេលាម៉ោង ៦៖០០ល្ងាច រីឯការប្រកួតដណ្ដើមយកលេខ៣ គឺក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជួបជាមួយ ក្លឹបបាល់ទាត់ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅវេលាម៉ោង ៣៖០០រសៀល៕