(អូទ្រីស)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជាចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងាប្ររយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ នៅប្រទេសអូទ្រីស។

លោកប្រាប់ឲ្យដឹងបែបនេះ ក្នុងខណៈដែលលោក និងលោក ចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករចូលរួមជាតំណាងកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី៦៨ របស់​គណៈ​កម្មាធិការ​អង្គការ​សហ​​ប្រជាជាតិ ស្តីពី​គ្រឿង​ញៀន(CND)​ ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី​១៤  ខែមីនា ឆ្នាំ​២០២៥ នៅមជ្ឈមណ្ឌលអន្តរជាតិUN នៅទីក្រុងវីយ៉ែន ប្រទេស​អូទ្រីស​ ឆ្លើយតបតាមការអញ្ជើញរបស់អង្គការ UNODC និងការអញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ពីកិច្ចប្រជុំនោះឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់បន្តថា កិច្ចប្រជុំមានការអញ្ជើញចូលរួមពីអនុប្រធានាធិបតី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និង​​មន្រ្តីពាក់ព័ន្ធ នៃ​​ស្ថាប័ន​​ប្រ​យុទ្ធ​​ប្រឆាំង​ ​គ្រឿងញៀនពីប្រទេសសមាជិក CND និង​ប្រទេស​សង្កេតការណ៍​នៅ​​ទូទាំង​ពិភព​លោក ជា​ច្រើន​រយនាក់ ដោយធ្វើការបែងចែកកិច្ច​ប្រ​ជុំ​ចែក​ចេញ​ជាពីផ្នែកគឺកិច្ចប្រជុំ​ពេញ​អង្គ (Plenary ) និងកិច្ចប្រជុំអម (Side Events) មានប្រទេសចូលរួមចំនួនជាង១៨០ ដោយពិភាក្សាលើប្រធានបទសំខាន់ៗ​ពាក់ព័ន្ធនឹងការងារអនុវត្តច្បាប់ ការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល ស្តារនីតិសម្បទា ការត្រួតពិនិត្យសារធាតុគីមីផ្សំ ការកាត់​បន្ថយគ្រោះថ្នាក់ ការសិក្សា​ស្រាវ​ជាវ៕