(កោះកុង)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានអបអរសាទរពាន់ជ័យលាភីលេខ១ លើការផ្តល់សេវាសុខាភិបាលជាលើកទី២ ក្នុងឆ្នាំ២០២៥ ហើយនេះក៏ជាលើកទី២ផងដែរ ដែលមន្ទីរពេទ្យនេះនៅតែអាចរក្សាបានជ័យលាភីលេខ១ នៃសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០២៤កន្លងទៅ។
បន្ទាប់ពីទទួលជ័យលាភីលេខ១កាលពីឆ្នាំ២០១៩ ម្តងរួចមកហើយ នេះជាមោទនភាពមួយសម្រាប់មន្ទីរពេទ្យបង្អែកខេត្ត នៃខេត្តកោះកុង បានបន្តទទួលជ័យលាភីលេខ១ ផ្នែកសំណុំសកម្មភាពបង្រ្គប់កម្រិត២គំរូ ប្រចាំឆ្នាំ២០២៤ ក្រោមប្រឹងប្រែងបំពេញទៅលក្ខខណ្ឌសំខាន់ៗ របស់គណៈកម្មការវាយតម្លៃជាអន្តរក្រសួងវិស័យសុខាភិបាល និងក្រុមលោកគ្រូពេទ្យ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថា នេះមោទនភាពមួយនៃមន្ទីពេទ្យបង្អែកខេត្ត ហើយលក្ខខណ្ឌនៃការចូលរួមប្រឡងប្រណាំង ជាអង្គភាពគំរូផ្តល់សេវាសាធារណៈ ឆ្នាំ២០២៤កន្លងទៅនេះ ពុំមែនជារឿងងាយស្រួលនោះទេចំពោះការដណ្តើមជ័យលាភី។ លោក បានបន្តថា ប៉ុន្តែទោះបីជាយ៉ាងណាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមន្ទីរពេទ្យបានរួមគ្នា អនុវត្តន៍បំពេញឱ្យបានល្អប្រសើរ ទៅតាមការកំណត់របស់ក្រសួងមុខងារសាធារណៈប្រកបដោយសុក្រិត្យភាព និងយុត្តិធម៌។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានបន្ថែមថា លក្ខខណ្ឌចំនួន៨នោះគឺ (១)ការផ្តល់សេវាសាធារណ, (២) ការផ្តល់សេវាសុខាភិបាល,(៣)ការគ្រប់គ្រងហិរញ្ញវត្ថុ,(៤) ការអភិវឌ្ឍន៍ធនធានមនុស្ស, (៥)ការរៀបចំសោភណ្ឌបរិស្ថាន, (៦)ចុះផ្តល់ពិនិត្យព្យាបាលនៅតាមសហគមន៍,(៧) ដោះស្រាយសំណូមពររបស់អ្នកជំងឺ និង(៨)គំនិតច្នៃប្រឌិតក្នុងអង្គភាពផ្ទាល់តែម្តង។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបញ្ជាក់ថាស្របពេលនឹងទទួលបានជ័យលាភី ជាអង្គភាពគំរូលើការផ្តល់សេវាសាធារណៈ របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុងនេះដែរ ត្រូវបានប្រជាពលរដ្ឋចូលរួមអបអរសាទរជាខ្លាំង ដើម្បីលើកទឹកដល់លោកគ្រូអ្នកគ្រូពេទ្យ ចំពោះលទ្ធផលដែលមន្ទីរពេទ្យប្រឹងប្រែងសម្រេចបាន។
ជាថ្មីម្ដងទៀត លោកប្រធានមន្ទីរពេទ្យ បានរម្លឹករឿងកាលពីឆ្នាំ២០១៩ កន្លងទៅ ដែលមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏ធ្លាប់ជាប់ជ័យលាភីលេខ១ លើការផ្តល់សេវាសាធារណៈគំរូកម្រិត២ ផ្នែកសុខាភិបាល ដោយអំឡុងពេលនោះអភិបាលខេត្តកោះកុង បានវាយតម្លៃខ្ពស់ថា ការទទួលបានជ័យលាភីនេះ និងធ្វើឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានកាន់តែឱ្យតម្លៃ និងសមត្ថភាពពិតប្រាកដរបស់មន្រ្តីដែលមនសិការវិជ្ជាជីវៈទទួលខុសត្រូវលើការងារ៕