(កោះកុង)៖ លោក ស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរចំពោះមន្ទីរកិច្ចការនារី និងនារីនៅគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានតស៊ូគ្រប់បែបយ៉ាង ដោយមិនខ្លាចការនឿយហត់នោះទេ ដើម្បីធ្វើឱ្យការងាររបស់ខេត្តសម្រេចបាននូសមិទ្ធផលថ្មីៗ។ តាមរយៈជោគជ័យទាំងអស់នេះ គឺកើតចេញពីការគាំទ្រពីថ្នាក់ដឹកនាំជាស្វាមី និងការផ្តល់ឱកាសក្នុងការបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន។

ការលើកឡើងបែបនេះរបស់លោកស្រីអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសលោកស្រី រួមជាមួយលោក ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធអបអរសាទរទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។

នាឱកាសនោះដែរ លោកស្រី មិថុនា ភូថង បាននាំការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។

លោកស្រីអភិបាលខេត្តបានបន្តថា ប្រធានបទឆ្នាំនេះមានគោលបំណងបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី។

លោកស្រីប្រធានមន្ទីរកិច្ចនារី បានលើកឡើងថា ក្រុមការងារនៅតែបន្តខិតខំប្រឹងប្រែងដើម្បីផ្តល់គំនិតល្អ និងបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋនៅតាមបណ្តាឃុំ ស្រុក និងជួយដោះស្រាយរាល់បញ្ហាដែលគាត់ជួបបញ្ហា៕