(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ផាន់ ស៊ូហ្វី អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក និងជាអ្នកដែលមានដើមកំណើតរស់នៅក្នុងខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ពាក់ព័ន្ធ អាជ្ញាធរស្រុកឃុំភូមិ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យទីតាំងជីកស្រះទឹក ទំហំ៥០x១០០ម៉ែត្រ ជូនប្រជាពលរដ្ឋជិត២០០នាក់ នៅចំណុចព្រៃរនាម (តំបន់៣) ក្នុងភូមិចំរេះ ឃុំស្រែស្តុក ព្រំប្រទល់ភូមិទួលគូ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានជម្រាបជូនថា ទីតាំងនេះ ស្ថិតក្នុងតំបន់៣ ចំងាយជាង២០០ម៉ែត្រ ពីព្រៃរនាមបឹងទន្លេសាប នៃភូមិសាស្ត្ររដ្ឋបាលភូមិចំរេះ ឃុំស្រែស្តុក ស្រុកកណ្តៀង។ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋរស់នៅ៦៧គ្រួសារ មនុស្ស២៥០នាក់ ក្នុងនោះប្រជាពលរដ្ឋ ឃុំកោះជុំ និងឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន២៤គ្រួសារ មនុស្ស៩៦នាក់ និងឃុំស្នាមព្រះ ស្រុកបាកាន ចំនួន៤៣គ្រួសារ មនុស្ស១៥៤នាក់។
ចំពោះស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់ ពួកគេកំណត់តែ៩ខែប៉ុណ្ណោះ ដោយចាប់ពីខែតុលា ដល់ខែមិថុនា ក្នុងស្ថានភាពពនេចរ ហើយផុតកំណត់នោះ ត្រូវផ្លាស់ប្តូរកន្លែងរស់នៅថ្មី ដោយសារតែតំបន់នេះ លិចទឹកនៅរដូវវស្សា។ ក្នុងអំឡុងមករស់នៅ ពួកគាត់ប្រកបរបរចិញ្ចឹមសត្វពាហនៈ ជាទូទៅគឺមានគោ ចំនួន១,២០០ក្បាល និងក្របី ចំនួន៤០០ក្បាល។
ក្នុងឱកាសនោះ លោក ខូយ រីដា បានវាយតម្លៃ អំពីស្ថានភាពមករស់នៅដីតំបន់៣នេះ ជាទូទៅប្រជាពលរដ្ឋចិញ្ចឹមគោ និងចិញ្ចឹមក្របី ក្នុងអំឡុងតែ៩ខែប៉ុណ្ណោះ រួចហើយផ្លាស់ប្តូរកន្លែងរស់នៅថ្មី ដោយសារតំបន់នេះលិចទឹក ក្នុងរដូវវស្សា។ ទោះជាយ៉ាងនេះ ប្រជាពលរដ្ឋ ជាពិសេសកុមារ បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជាអនាម័យសុខភាព ហូបចុកមិនគ្រប់គ្រាន់ កុមារតូចៗនៅឆ្ងាយពីសាលា មិនបានរៀនសូត្រជាដើម។ បញ្ហានេះ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយល់ឃើញថា ដីតំបន់៣ គឺជាជម្រកជីវៈចម្រុះរស់នៅ ហើយត្រូវបានច្បាប់ហាមឃាត់មិនអនុញ្ញាត ឱ្យកាប់ឆ្ការ រុករាន ឬឈូសឆាយធ្វើកម្មសិទ្ធិនោះឡើយ។
លោកអភិបាលខេត្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានជីវចម្រុះ និងព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងជាពិសេសដើមផ្កាចារ ក៏ដូចជាដើមឈើសំខាន់ផ្សេងទៀតឱ្យបានច្រើន ប្រយោជន៍ដល់កូនចៅ យើងជំនាន់ក្រោយ។ ជាមួយគ្នានោះ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ត្រូវគិតគូរពីគ្រូកិច្ចសន្យានៅនឹងកន្លែង ដើម្បីរៀបចំឱ្យមានថ្នាក់អក្ខរកម្ម ផ្តល់ឱកាសឱ្យក្មួយៗកុមារតូចៗ អាចរៀនចេះដឹងបាន។
លោក ខូយ រីដា បានគូសបញ្ជាក់ថា ដោយសារតំបន់នេះ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាប្រឈមកង្វះខាតទឹក សម្រាប់ប្រើប្រាស់លើជីវិតមនុស្ស សត្វ ទើបលោក ហុង ចំណាន រួមជាមួយលោកស្រី ផាន់ ស៊ូហ្វី ព្រមទាំងបុត្រាបុត្រី ដែលជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក មានដើមកំណើតរស់នៅក្នុងខេត្តពោធិ៍សាត់ មានចំណាប់អារម្មណ៍ ព្រមទាំងបានចំណាយធនធានផ្ទាល់ខ្លួន ជីកស្រះទឹកមួយកន្លែង ដែលមានបណ្តោយ១០០ម៉ែត្រ និងទទឹង៥០ម៉ែត្រ និងជម្រៅជាង៣ម៉ែត្រ គ្រោងចំណាយថវិកាជិត១ម៉ឺនដុល្លារសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ បានប្រើប្រាស់ជារួម៕