(កោះកុង)៖ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អមដំណើរដោយលោក ភូថង សេរី វុឌ្ឍី ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរ សង្កាត់ដងទង់ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង ជាផ្ទះលេខរៀងទី៨ ដែលបានផ្ដួចផ្ដើមសាងសង់ជូនគ្រួសារចាស់ជរា ពិការ ខ្វះទីជម្រ ឈ្មោះ សុខ សៅ អាយុ ៦៦ឆ្នាំ រស់នៅជាមួយកូនប្រុសពិការដៃ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ផ្ទះខាងលើនេះ មានទំហំ ៤ម៉ែត្រx៨ម៉ែត្រ ធ្វើពីដែក ប្រក់ស័ង្កសីភ្លីធំ កម្ពស់ ៥ម៉ែត្រ និងបានប្រគល់ជូននៅរសៀលថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីប្រធានកិត្តិយសសាខា ជាពិសេសពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយទីណាមានការលំបាក ទីនោះនឹងមានវត្ដមានកាកបាទក្រហមកម្ពុជា ។

លោកស្រី មិថុនា ភូថង ក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ និងសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកស្រីក៏បានផ្តាំផ្ញើដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភបន្ថែមរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ធុងទឹក១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួនផងដែរ៕