(តាកែវ)៖ បន្ទាប់ពីទទួលបានបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ុក ច័ន្ទសុធា ប្រធានក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី បានចាត់តាំង លោក ចេង ប៉េងហាប់ ជាអនុប្រធាន ក.ច.ស.ធ. ដឹកនាំក្រុមការងារចុះផ្ដល់ជំនួយផ្នែកច្បាប់ជូន លោកស្រី យឹម សុខលី នៅឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោយពីបានចុះទៅពិនិត្យទីតាំងទំនាស់ សិក្សាលម្អិតអង្គហេតុ និងបានស្ដាប់ការលើកឡើង សំណូមពររបស់គូភាគីវិវាទ ក៏ដូចជាមតិយោបល់របស់លោកមេឃុំ លោកអភិបាលស្រុក, លោក លី សុវណ្ណបញ្ញា ប្រធានក្រុមអន្តរាគមន៍ ក.ច.ស.ធ. បានកំណត់បញ្ហាវិវាទ និងសម្របសម្រួល ផ្ដល់ជម្រើសជាដំណោះស្រាយជូនគូភាគីវិវាទរហូតទទួលបានការឯកភាពគ្នាក្នុងការបញ្ចប់វិវាទទាំងស្រុង។

ពាក់ព័ន្ធនឹងករណីប្រតាយប្រតប់បង្ករបួស អ្នករបួសព្រមទទួលយកនូវថវិកាឧបត្ថម្ភព្យាបាលជំងឺដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី។

ជាមួយគ្នានេះ ក្រុមការងារ បានផ្សះផ្សានិងបញ្ចប់វិវាទដីដែលបានកើតឡើងជាយូរមកហើយក្នុងក្រុមគ្រួសារលោកស្រី យឹម សុខលី ដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ និងក្រោមគំនិតដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្ដេចមហាបវរធិបតី ជាមួយនឹងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលមានទំនាស់ បានចុះទៅវាស់វែងកំណត់ព្រំដីជាក់លាក់ និងស្រុះស្រួលគ្រប់ចំណុចរួចរាល់ជាស្ថាពរ។