(កែប)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) ស្ថិតនៅភូមិដំណាក់ចង្អេីរ សង្កាត់ព្រៃធំ ក្រុងកែប និងចំការម្រេច សុធី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។
កសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) មានផ្ទៃដីដាំដុះប្រមាណ ៩០ហិកតាផ្តោតលើដំណាំឈើហូបផ្លែក្រូចជាង១០ប្រភេទ ដើមប័រ ដូង ជាពិសេសដំណាំម្រេច និងម្ទេសជាង២០ប្រភេទ ជាប្រភេទ(Caribbean Chili & Carolina Reaper) និងចិញ្ចឹមសត្វគោផងដែរ។
លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងយល់ដឹងពីនីតិវិធីនាំចេញ ធ្វើយ៉ាងណាជំរុញការនាំចេញកសិផលដែលមានស្រាប់ ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។
ជាបន្តមកទៀត លោករដ្ឋមន្រ្តី និងអភិបាលខេត្ត បានបន្តចុះទស្សនកិច្ចចំការម្រេច សុធី ដែលជាកន្លែងអំណោយផលដល់កសិ-ទេសចរណ៍ ក្នុងការទទួលបានដំណើរទេសចរណ៍បែបបៃតង និងទទួលបានផលិតផលម្រេចដែលមានគុណភាព សម្រាប់ភ្ញៀវបរទេសផងដែរ។
លោករដ្ឋមន្រ្តី បានកោតសរសេីរម្ចាស់កសិដ្ឋានដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អ មានគុណភាពខ្ពស់ និងមានផែនការថែទាំត្រឹមត្រូវ សំដៅបំពេញតម្រូវការទីផ្សារអន្តរជាតិ និងបានកែច្នៃបន្ថែមក្នុងការផលិតជា តែម្រេច កាហ្វេម្រេច និងស្រាម្រេច ដេីម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។
ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត ដោយម្រេចជាដំណាំសក្តានុពល និងជាដំណាំសម្គាល់ភូមិសាស្រ្ត ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា និងមានរបៀបនៃការធ្វេីដោយត្រឹមត្រូវ ដេីម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់៕