(ស្ទឹងត្រែង)៖ ស្រុកបូរីអូរស្វាយ សែនជ័យនៃខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាស្រុកមានសក្កានុពលក្នុងវិស័យទេសចរណ៍ធម្មជាតិ ដោយហេតុថា ស្រុកនេះមានបណ្ដាកោះនៅតាមដងទន្លេមេគង្គ ដែលស្ថិតនៅក្នុងតំបន់រ៉ាមសារ (តំបន់ដីសើម) នៅខេត្តស្ទឹងត្រែង ស្រុកបុរីអូរស្វាយសែនជ័យនេះ ក៏មានជីវចម្រុះដ៏សម្បូរបែប និងមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរ។
ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ស៊ាង ចិន្តា លោក ស្រេង លីដា លោក លី ដេវីត និងលោក សៅ មេសា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានធ្វើដំណើរទៅកាន់កោះនៅតាមដងទន្លេមេគង្គចំនួន ២កោះ គឺរួមមាន «កោះមុខ» និង «កោះកន្ធៅ» ដើម្បីស្វែងយល់អំពីបរិយាកាសធម្មជាតិដ៏ស្ងប់ស្ងាត់ និងផ្ដិតយករូបថតធម្មជាតិ និងសត្វស្លាបរស់នៅលើកោះនោះ។
ក្នុងអំឡុងពេលចុះធ្វើដំណើរតាមទូក ក្រុមការងាររបស់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃលំហូរចុះឡើងជាមួយនឹងផ្លូវទឹកផ្សេងៗគ្នា រវាងថ្ម និងឆ្នេរខ្សាច់នៅតាមបណ្ដាកោះទាំង២នេះផងដែរ។
បន្ទាប់ពីដំណើរទៅកាន់កោះទាំង២នេះបានបញ្ចប់ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ផ្ដិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលពីទេសភាពនៃទន្លេមេគង្គ និងសភាពស្ងប់ស្ងាត់របស់ទន្លេ ហ៊ុំព័ទ្ធទៅដោយដើមឈើបៃតងស្រងាត់ និងកោះដែលមានឆ្នេរខ្សាច់ប្រែពីពណ៌ស ទៅជាពណ៌មាស ពេលសុរិយារាបអស្តង្គត ស្របពេលដែលមានបក្សីហោះហើររេរានៅលើផ្ទៃទឹកទន្លេផងដែរ៕