(ភ្នំពេញ)៖ លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធី «ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃ ការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។
ការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាការគិតគូរប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្មនិងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំឡើងថែមទៀត។ ការបញ្ជាក់បន្ថែមរបស់លោកសាស្រ្ដាចារ្យរដ្ឋមន្ដ្រី។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ ដូច្នេះ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ ដែលប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះពិតជាមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃមូលនិធិសមធម៌ ដែលបង់ថ្លៃជួសដោយរាជរដ្ឋាភិបាល ផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថរបស់ក្រុមគោលដៅ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវាក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ។ ខ្ញុំសូមថ្លែងអំណរគុណដល់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលគាំទ្រដោយធនាគាពិភពលោក និងដៃគូ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌តាមរយៈការគាំទ្រឱ្យមានយុទ្ធនាការដ៏មានសារសំខាន់នេះ»។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ដោយត្រូវ៖
១៖គ្រប់មូលដ្ឋានសុខាភិបាល ត្រូវធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ដោយមិនមានការរើសអើង ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ (ត្រូវមានឯកសណ្ឋានគ្រូពេទ្យឱ្យបានត្រឹមត្រូវ) ក្នុងការបម្រើសេវា ២៤ម៉ោង រៀងរាល់ថ្ងៃ ដើម្បីធានានូវគុណតម្លៃ នៃការអនុវត្តមូលនិធិសមធម៌ដែលជាអាទិភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជា សកលនៅកម្ពុជា។
២៖ មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រុមគោលដៅ អំពីមូលនិធិសមធម៌សុខាភិបាល ចូលរួមកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលរារាំងដល់ប្រជាពលរដ្ឋ ដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល តែមិនអាចទទួលបានសេវា។
៣៖ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំផ្លាស់ប្តូរឥរិយាបថ អំពីការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ព្រមទាំងចូលរួមតាមដាននូវបញ្ហាប្រឈមដែលគ្រួសារក្រីក្រ មិនទទួលបានបណ្ណ ឬមានបណ្ណតែមិនមកទទួលសេវា។
៤៖ បិទតាំង និងចែកចាយសារអប់រំគ្រប់មធ្យោបាយរួមទាំងបណ្តាញគេហទំព័រ បញ្ជ្រាបសារអប់រំពីមូលនិធិសមធម៌សុខាភិបាល នៅក្នុងរបៀបវារៈក្នុងការប្រជុំនានា និងចាត់ទុកការងារនេះជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងៗទៀត។
៥៖ តាមដានការប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។
ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ជាពិសេសសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលអាល្លឺម៉ង់ KfW (Kreditanstalt für Wiederaufbau) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី DFAT (Department of Foreign Affairs and Trade/) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្រ្តី កុមារនិងយុវវ័យ GFF (Global Financing Facility in Support of Every Woman, Every Child) ដែលបានសហការគាំទ្រផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក៏ដូចជាសិក្ខាសាលាក្នុងថ្ងៃនេះ៕