(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមើលឃើញថា ទំនាក់ទំនងផ្នែក​វិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មិនទាន់សមស្របទៅនឹងស្ថានភាពនៃ​កំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅឡើយនោះទេ។ អាស្រ័យហេតុនេះ សម្តេច​តេជោ បានស្នើឱ្យឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌាប្រចាំនៅកម្ពុជា លោក Bawitlung Vanlalvawna យកចិត្តទុកដាក់ជំរុញលើការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ​រវាងប្រទេសទាំងពីរ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន​អនុ​ញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម។ ក្នុងជំនួបនេះ សម្តេចតេជោ បានសម្តែងការស្វាគមន៍ និងសាទរចំពោះការតែងតាំងនេះ ហើយសង្ឃឹមថា តាមរយៈការងាររបស់លោកទូតនឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងឥណ្ឌា កាន់តែល្អប្រសើរ ខណៈទំនាក់ទំនងពេលបច្ចុប្បន្នល្អប្រសើរហើយនោះ វាជាបច្ច័យដ៏ល្អក្នុងការជំរុញឱ្យទំនាក់ទំនងកាន់តែល្អប្រសើរ។

លោកឯកអគ្គរដ្ឋទូតរបស់ឥណ្ឌា បានសម្តែងការអរគុណចំពោះសម្តេចតេជោ ដែល​ចំណាយ​ពេលវេលាទទួល និងអនុញ្ញាតឱ្យរូបលោកបានជួបសម្តែងការគួរសម ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌាប្រចាំនៅកម្ពុជានាពេលនេះ។ លោកទូត បានសម្តែងការ​ពេញចិត្ត និងរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងឥណ្ឌានាពេលនេះ។ ជាពិសេសទំនាក់ទំនងទាំងក្នុងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ នីតិបញ្ញត្តិ។

លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តថា ក្នុងអាណត្តិការងាររបស់លោកនឹងញ៉ាំងឱ្យទំនាក់​ទំនង​​រវាងប្រទេសទាំងពីរ ជាពិសេសស្ថាប័ននីតិបញ្ញត្តិឱ្យកាន់តែស្អិតល្មួត។ លោកក៏​ប្រកាសជំរុញឱ្យមានការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។

លោកទូត បានរំលេចថា កម្ពុជា និងឥណ្ឌា មានចំណងការទូតដ៏យូរអង្វែង ពោលគឺតាំង​ពីឆ្នាំ១៩៥២មក ហើយឆ្នាំ២០២៧ខាងមុខនេះ គឺជាខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត​រវាង​ប្រទេសទាំងពីរ។ ឥណ្ឌា បានត្រៀមខ្លួនក្នុងការរៀបចំពិធីអបអរសាទរខួប៧៥ឆ្នាំនេះ ជាមួយនឹងកម្ពុជា។

លោកទូតរបស់ឥណ្ឌា បានមើលឃើញថា កម្ពុជា និងឥណ្ឌា មានវិស័យជាច្រើនដែល​ត្រូវ​យកចិត្តទុកដាក់ និងពង្រឹងជាមួយគ្នាមានដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាដើម ដែលជាចំណុចដ៏សំខាន់ ក្នុងការញ៉ាំងឱ្យទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែ​ល្អ​ប្រសើរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការពេញចិត្ត​ចំពោះ​ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នាពេលកន្លងមក។ ប៉ុន្តែសម្តេចចង់ឃើញទំ​នាក់​ទំនង​នេះ ឈានទៅមួយកម្រិតទៀតទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។

សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងរវាងថ្នាក់​ដឹក​នាំ​ប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ សម្តេចតេជោ បានគូសរំលេច​ផង​ដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា មានការកើនឡើង ប៉ុន្តែមិនសម​ស្រប​​នឹងសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៣៤០លានដុល្លារប៉ុណ្ណោះ ដូច្នេះសម្តេច​ចង់​ឃើញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក៏ដូចជាវិនិយោគ ឱ្យស្របទៅតាមបរិបទនៃ​កំណើន​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានជំរុញឱ្យមាន​ការហោះ​ហើរត្រង់រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា កាន់តែច្រើនថែមទៀត ដើម្បីជំរុញការ​ផ្លាស់​ប្តូរទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាជនប្រទេសទាំងពីរ។ ជាពិសេសដំណើរទេស​ចរណ៍​របស់​ប្រជាពលរដ្ឋឥណ្ឌាមកកាន់កម្ពុជា។

តបទៅនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងខាងលើនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានប្តេជ្ញាជំរុញ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេស​ទាំង​ពីរតាមរយៈការលើកទឹកចិត្តអ្នកវិនិយោគ អ្នកធ្វើធុរកិច្ចឱ្យមកសិក្សាពីការវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងពីការបន្តយកចិត្តទុកដាក់​ជួយ​លើកកម្ពស់ការអប់រំនៅកម្ពុជាថែមទៀថា តាមរយៈការបន្តផ្តល់អាហារូបករណ៍​ដល់​និស្សិត សមណនិស្សិតរបស់កម្ពុជាទៅសិក្សានៅឥណ្ឌា។

សម្តេចតេជោ បានអរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានជួយដល់ការអប់រំនៅកម្ពុជា តាមរយៈការផ្តល់ឱកាសឱ្យនិស្សិត សមណនិស្សិតកម្ពុជាទៅសិក្សានៅឥណ្ឌា។ សម្តេចតេជោ បានបញ្ជាក់ថា ឥណ្ឌា បានជួយកម្ពុជាតាំងពីក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដែលឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ស៊ីជម្រៅ។

ចុងបញ្ចប់នៃជំនួបសម្តេចតេជោ បានជូនពរឱ្យលោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា៕