(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យ Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ​សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ​នៅ​កម្ពុជា ដែលនេះជាជំនួបលើកទី២ក្នុងពេលសម្ដេចតេជោធ្វើជាប្រធានព្រឹទ្ធសភា។ លើកទី១ ធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំង​ពីរ ដែលមានភាពល្អប្រសើរ ជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិការងារ​របស់​លោកឯកអគ្គរដ្ឋទូត បានរួមចំណែកដល់ការអភិវឌ្ឍន៍នូវទំនាក់ទំនងការទូតរវាងប្រទេស​ទាំង​ពីរបានកាន់តែល្អប្រសើរ។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានសម្តែងការអរគុណសម្តេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបសម្ដែងការគួរសមនៅពេលនេះ។ លោកឯកអគ្គ​រដ្ឋ​ទូត បានរំលេចអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរុស្ស៊ី ដែលបានភ្ជាប់ទំនាក់​ទំនង​គ្នាបានយូរអង្វែង ហើយជាទំនាក់ទំនងដែលទុកចិត្តគ្នា។ លោកឯកអគ្គរដ្ឋទូត ក៏បាន​រំលេចទៀតថា ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦​ខាងមុខនោះ ប្រទេសទាំងពីរ ជាពិសេសប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេច​​ធ្វើ​ការងារ​ជាមួយភាគីកម្ពុជា ពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ទៀតថា ទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី មិនត្រឹមតែ​នីតិ​ប្រតិបត្តិទេ នីតិបញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អផងដែរ។ លោកឯកអគ្គរដ្ឋទូត បាន​វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសភាសហព័ន្ធរុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែល​មាន​ភាពល្អប្រសើរជាបន្តបន្ទាប់ដែលធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ​កាន់តែមាន​ភាព​រឹងមាំ។ លោកសង្ឃឹមថា ភាគីយើងទាំងពីរ នឹងបន្តការខិតខំដើម្បីពង្រឹងទំនាក់ទំនងរវា​ង​ស្ថាប័ន​នីតិបញ្ញត្តិ និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និង​គណ​បក្ស​កាន់អំណាចនៃប្រទេសរុស្សីផងដែរ ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែម​ទៀត​រវាង​បក្ស និងបក្ស។ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីវិស័យសេដ្ឋកិច្ច ដែលពាណិជ្ជ​កម្មរវាងប្រទេសទាំងពីរមានចំនួន២៩លានដុល្លារ។ លោកក៏បាន រំលេចអំពីអ្វីដែលរុស្ស៊ី​ធ្លាប់​ជួយដល់កម្ពុជាដែរ ដោយរុស្សីធ្លាប់ជួយទាំងវិស័យអប់រំ ក្រោយពីរបប​ប្រល័យ​ពូជ​សាសន៍មក រុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សា​នៅប្រទេសរុស្សី​ជាបន្តបន្ទាប់ ដែលមកដល់ពេលនេះមានជាង៨ពាន់នាក់ ដែលជាមោទនភាព​ក្នុងទំនាក់​ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ ហើយនៅ​ខួបទី៧០ឆ្នាំខាងមុខនេះ វិស័យនីតិបញ្ញត្តិ ក៏ត្រៀមរៀបចំធ្វើការជាមួយគ្នាផងដែរ។ ជាមួយ​គ្នានោះ ប្រទេសទាំងពីរក៏មានវិស័យយោធា ព្រមទាំងវិស័យដទៃទៀត​ដែលរុស្ស៊ី​កំពុងខិតខំប្រឹងប្រែងធ្វើនៅកម្ពុជា។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីស្ថានភាពតំបន់ បញ្ហាស្ថានភាព​ពិភពលោក ជាមួយសម្ដេចតេជោផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីទំនាក់ទំនងល្អប្រសើ​រ​រវាងកម្ពុជា និងរុស្សី ហើយសម្ដេចក៏បានអរគុណដែលលោកឯកអគ្គរដ្ឋទូតរុស្ស៊ី បាន​លើក​ឡើងអំពីការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក ដែលជា​រឿង​មិនអាចប្រកែកបាននូវគុណតម្លៃរបស់រុស្ស៊ី តាំងពីនៅជាអតីតសហភាពសូវៀត ដែល​បាន​ជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឱ្យក្លាយជាមូលធនមនុស្ស ដែលបាន​បម្រើការងារក្នុងស្ថាប័នសំខាន់ៗ នៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ទំនាក់ទំនងនីតិបញ្ញត្តិរវាង​ប្រទេស​ទាំងពីរ ដែលស្ថាប័នព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភារុស្ស៊ី ដែលបានខិតខំ​ប្រឹង​ប្រែង ជំរុញឱ្យទំនាក់ទំនងក្នុងស្ថាប័ននេះ មានភាពរីកចម្រើន។

ទាក់ទងទៅនឹង​ទំនាក់​ទំនង​បក្សវិញ សម្ដេចតេជោក៏បានជំរុញឲ្យមានការភ្ជាប់គណបក្ស នៃប្រទេសទាំងពីរ ហើយសម្ដេចតេជោក៏មានបំណងអញ្ជើញលោក ឌីមីទ្រីមេដវេដេវ ដែលជាប្រធានគណបក្សកាន់អំណាចនៅរុស្ស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅ​កម្ពុជាតាមពេលវេលាណាមួយខាងមុខ។

សម្ដេចតេជោបានមានប្រសាសន៍ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយលោកឯកអគ្គ​រដ្ឋទូត​រុស្សី​ប្រចាំកម្ពុជា ដោយសម្ដេចតេជោ ចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងដែរ។ បច្ចុប្បន្ននេះមានតែ២៩លានដុល្លារទេ ដែលមិនទាន់សមស្រប​ទៅ​នឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែធ្វើការមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិ​យោគរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធទៅនឹងបញ្ហាតំបន់ និងពិភពលោក សម្ដេចតេជោសង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមបានឆាប់ ពីព្រោះថា ដូចដែលយើងបានដឹងហើយថា ជំហររបស់សម្តេចតេជោ តាំងពីដើមមក គឺមានតែការចរចាតែប៉ុណ្ណោះដែលអាចបញ្ចប់សង្គ្រាមបាន ពោលគឺ មិនអាចយកយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ។

ជាចុងក្រោយ សម្រេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ឱ្យទទួលបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕