(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញក្រុងពាលី ចម្រើនព្រះបរិត្ត និងសម្តែងព្រះសទ្ធម្មវិសេសទេសនា ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេចព្រះសង្ឃ គណៈមហានិកាយកម្ពុជា។

ពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងសម្តែងព្រះសទ្ធម្មវិសេសទេសនាខាងលើនេះ បានប្រារព្ធធ្វើឡើងនៅវត្ដបទុមវតីរាជវរារាម នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការចូលរួមពីពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ប្រកបដោយស្នាមញញឹមដ៏រីករាយក្រៃលែង ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់របស់មាតាមនុស្សធម៌កម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំកម្មវិធីបែបប្រពៃណីសាសនាពេលនេះ។

សម្រាប់នៅក្នុងកម្មវិធីក្រុងពាលី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបូជាគ្រឿងសក្ការៈ អុជទៀន ថ្វាយផ្កា អុជធូប ទឹកអប់ បួងសួងសុំម្ចាស់ទឹកដី ម្ចាស់ដី ផ្ដល់នូវសេចក្ដីសុខចម្រើន។ បន្ទាប់មកក្នុងពិធីចម្រើនព្រះបរិត្ត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាគ្រឿងសក្ការៈ អុជទៀន ថ្វាយផ្កា អុជធូប ទឹកអប់ ហើយលោកតាអាចារ្យបានដឹកនាំនមស្ការ សមាទានសីល ដោយនិមន្ត សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះសង្ឃ ១០៨ព្រះអង្គចម្រើនព្រះបរិត្ត និងអញ្ជើញប្រគេនទេយ្យទាន ព្រះសង្ឃទាំង១០៨ព្រះអង្គ ចម្រើនសាមញ្ញានុមោទនាគាថា។

ក្នុងឱកាសពិធីចម្រើនព្រះបរិត្ត បានបញ្ចប់ គឺមានពិធីសម្តែងព្រះសទ្ធម្មវិសេសទេសនា។ វេលានោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជទៀនមុខគ្រែទេសន៍ ហើយលោកតាអាចារ្យអារាធនាព្រះសទ្ធម្មវិសេសទេសនានិមន្ត សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះសទ្ធម្មវិសេសទេសនា។ បន្ទាប់ពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សម្តែងព្រះសទ្ធម្មវិសេសទេសនារួចរាល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេនទេយ្យទានបូជាព្រះធម៌ទេសនា ហើយសម្ដេចព្រះព្រហ្មរតនមុនី ចម្រើនសាមញ្ញានុមោទនាគាថា។

ក្រោយពីបញ្ចប់ក្រុងពាលី ចម្រើនព្រះបរិត្ត ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេចព្រះសង្ឃ គណៈមហានិកាយកម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏មិនដែលរំលងនោះឡើយ គឺបានអញ្ជើញក្រាបបង្គំគាល់ថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

ទឹកចិត្ដដ៏មហាវិសេសវិសាលរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាកុលធីតាខ្មែរមួយរូប ដែលប្រជានុរាស្ដ្រខ្មែរ តែងតែស្ងើចសរសើរចំពោះបេះដូងដ៏បរិសុទ្ធស្រស់ថ្លារបស់លោកល្អគ្មានពីរ និងជាគំរូរបស់ស្ដ្រីខ្មែរ កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេចព្រះសង្ឃ គណៈមហានិកាយកម្ពុជា នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលពិធីស្រោចស្រពសុគន្ធវារីនាថ្ងៃស្អែកនេះ ក៏ដូចជាពិធីក្រុងពាលីនៅថ្ងៃនេះ គឺជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព ដែលប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងរស់នៅដោយភាពសុខក្សេមក្សាន្ត៕