(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងបញ្ជាក់ថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ មានភាពជាក់ស្តែងនិយម និងអាចសម្រេចបានស្របតាមស្តង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាព​សង្គម-សេដ្ឋកិច្ច នៃតំបន់ និងសកលលោក ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតិបើកនៃកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ តំណាងអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០នាក់ ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា ស្របតាមស្មារតីនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ដចាត់ទុកការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈជាអាទិភាពខ្ពស់ ព្រមទាំងបាននិងកំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ឲ្យបានពេញលេញ និងសាបព្រោះ «វប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ច នៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈជាបណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បង ពោលគឺប្រព័ន្ធនេះ តម្រូវឲ្យស្ថាប័នសាធារណៈ បំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផល ស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន។

ក្នុងន័យនេះវប្បធម៌សមិទ្ធកម្មក្នុងរយៈពេល២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់សម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ និងម្ខាងទៀតសម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតាផ្ទាល់របស់កម្ពុជា ។

ទន្ទឹមនឹងនេះតំណាងដៃគូអភិវឌ្ឍក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្ដេជ្ញាបន្តផ្ដល់ការគាំទ្រ ប្រកប ដោយស្មារតី​សហប្រតិការរវា​ងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។

បន្ថែមពីនេះដោយការងារកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឈានដល់ដំណាក់កាលដែលត្រូវអនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ក្នុងឆ្នាំខាងមុខ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍ណែនាំ លើទិសដៅការងារសំខាន់ៗមួយចំនួន រួមមាន៖ (១) ការបំពេញលក្ខខណ្ឌអប្បបរមា ដែលជាមូលដ្ឋានសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម (២) ការពង្រឹងយន្ដការគៀរគរ​​ចំណូល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា និងការគ្រប់គ្រងបំណុលសាធារណៈ ឱ្យមានចីរភាព (៣) ការបន្ដបង្កើនចំនួនអង្គភាពថវិកាសមស្រប និង ការបន្ដធ្វើស្វ័យប្រវត្តិកម្ម នៃ FMIS (៤) ការបន្ដកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ (៥) ការពង្រឹងនូវការគ្រប់គ្រងការវិនិយោគសាធារណៈ (៦) ការបន្ដកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ​ (៧) ការពង្រឹង និងការកែលម្អការគ្រប់គ្រង និង អភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ (៨) ការបន្ដលើកកម្ពស់ភាពប្រទាក់ក្រឡា ក្នុងចំណោមការដ្ឋានកែទម្រង់គន្លឹះៗ របស់រាជរដ្ឋាភិបាល (៩) ការបន្ដលើកស្ទួយតម្លាភាព (១០) ការពិនិត្យលទ្ធភាព ក្នុងការបញ្ជ្រាបការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតង ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (១១) ការបន្តជំរុញការអនុវត្ត និង ការដាក់ចេញ នូវវិធានការកែតម្រូវ​ចំពោះការងារអាទិភាព ដែលមានវឌ្ឍនភាពយឺត ដូចត្រូវបានកំណត់ក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៤ និង ផែនការសកម្មភាពលម្អិតរបស់អង្គភាព និងស្ថាប័នសាមី៕