(ពោធិ៍សាត់)៖ ព្រះវិហារ និងសមិទ្ធផលនានា នៅវត្តសុវណ្ណជលសាខ្នារអណ្តែត «ហៅវត្តទន្សាយអើត» កសាងអស់ថវិកា២៧ម៉ឺនដុល្លារ សិ្ថតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធ និងបញ្ចុះខណ្ឌសីមា ដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពលោក ហៀម ឃួន អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយកត្តាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ហៀម ឃួន អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ព្រះវិហារ និងសមិទ្ធផលនានា នៅវត្តសុវណ្ណជលសាខ្នារអណ្តែត «ហៅវត្តទន្សាយអើត» កសាងអស់ថវិកា២៧ម៉ឺនដុល្លារ ត្រូវបានសម្ពោធ និងបញ្ចុះខណ្ឌសីមា ដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាទីសក្ការៈបូជា របស់ព្រះសង្ឃគង់ស្នាក់នៅ សម្រាប់សិក្សារៀនសូត្រផ្នែកបរិយត្តិធម៌ និងប្រតិបត្តិ សមាធិព្រះធម៌ក្នុងវត្តអារាម។
លោកបានបញ្ជាក់ថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ តែគួរឱ្យសោកស្តាយបំផុត កាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនា ត្រូវបានបំផ្លាញខ្ទេចខ្ទី។ តែមកដល់បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង។
លោកបានលើកឡើងថា «យើងទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាព ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពាក្យថា អរគុណសន្តិភាព បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស នេះគឺដោយសារប្រជាពលរដ្ឋកម្ពុជា យល់អំពីតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាកបំផុត ហេតុនេះបន្តប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបាន ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។
លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ព្រះចៅអធិការវត្ត គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចនៅក្នុងបរិវេណវត្ត និងរៀបចំបរិស្ថានឱ្យបានស្អាត ដើម្បីឱ្យពុទ្ធបរិស័ទមកគោរពបូជារៀងរាល់ថ្ងៃសីល និងកម្មវិធីបុណ្យទានផ្សេងៗ។
បើតាមរបាយការណ៍ របស់ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានឱ្យដឹងថា វត្តសុវណ្ណជលសាខ្នារអណ្តែត «ហៅវត្តទន្សាយអើត» ស្ថិតក្នុងភូមិក្រសាំគ្រួ ឃុំបឹងខ្នា ស្រុកបាកាន កសាងឡើងនៅឆ្នាំ១៩៤៩ លុះដល់ឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៩ ត្រូវបានបាត់បង់ដោយសារសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍។
បន្ទាប់ពីប្រទេសជាតិបានរំដោះ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ វត្តនេះត្រូវបានរៀបចំឡើងវិញ ដោយមានព្រះគ្រូ នាង ហ៊ូ ជាព្រះចៅអធិការវត្ត និងបច្ចុប្បន្នព្រះគ្រូ វ៉ន វ៉ុន ជាព្រះចៅអធិការវត្ត បានដឹកនាំកសាងសមិទ្ធផល និងព្រះវិហារអស់រយៈពេល១៧ឆ្នាំ មានទទឹង៣០ម៉ែត្រ បណ្តោយ៣៩ម៉ែត្រ ក្រៅពីនោះនៅមានសាលាឆាន់ របង ចាក់ដីបំពេញទីធ្លាវត្ត ចាក់បេតុង និងផ្ទះបាយជាដើម។ សមិទ្ធផលទាំងនេះបានការជួយឧបត្ថម្ភថវិកា សម្ភារៈពី លោក លោកស្រី និងសប្បុរសជនទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស ទើបធ្វើឱ្យវត្តកាន់តែស្រស់ស្អាត៕