(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) ប្រធានបេសកកម្មនៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ប្រចាំកម្ពុជា។
តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ លោល ហេង សួរ បានកោតសរសើរចំពោះអង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) ដែលតែងសហការក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាពិសេសតាមរយៈកម្មវិធី PROMISE។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) បានរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់អភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវការគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយគម្រោងកម្មវិធីរបស់អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC)។
ជាការឆ្លើយតប លោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) បានបង្ហាញនូវវឌ្ឍនភាពការងារ និងលទ្ធផលជាវិជ្ជមាន ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនេះ ក្នុងភាពជាដៃគូការងាររួមគ្នា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) បានបង្ហាញពីសុទិដ្ឋិនិយមក្នុងការបន្តកិច្ចសហប្រតិបត្តិការទាំងកិច្ចការយុទ្ធសាស្ត្រ និងបច្ចេកទេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានានូវប្រសិទ្ធភាព និងការសម្រេចគោលដៅក្នុងកិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា៕