(កំពង់ស្ពឺ)៖ តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្តលើភ្នំខ្នងផ្សារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីចុះពិនិត្យផ្ទាល់នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ក្នុងជួរឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង។
គោលបំណងសំខាន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះ ទិសដៅលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ។
ក្រុមការងារពិសេសបានសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សាខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។ ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់ទីតាំង ដែលត្រូវរៀបចំកន្លែងឈប់សម្រាកសម្រាប់ការឡើងថ្មើរជើងពីជើងភ្នំទៅខ្នងសំពៅ ដើម្បីបន្តទៅខ្នងផ្សាតែម្តង។
យោងតាមដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាថ្មីៗនេះ, ក្រុមការងារបានបន្តអនុតាមអនុសាសន៍ណែនាំរបស់សម្តេច ដើម្បីជំរុញតំបន់ខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់បម្រើឱ្យផលប្រយោជន៍ សហគមន៍ និងពង្រឹងប្រជាសហគមន៍ឱ្យក្លាយជាពាណិជ្ជករ អ្នកបម្រើសេវា និងក្លាយជាអ្នកការពារព្រៃឈើ ប្រកបដោយនិរន្តរ៍ភាពតទៅ។
ក្រុមការងារ បានសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រដូចជា៖ ផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់ សេវាជូនទេសចរណ៍ដែលមកកម្សាន្តនៅទីនេះ និងសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។
សូមបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួន៣គឺខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។ នៅទីនោះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។
វាមានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សារមានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅទីនោះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សារ ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់ទៅលេងកម្សាន្ត៕