(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីនៃកម្ពុជា បានរួមចំណែកវិភាគទាននូវទស្សនៈ៥ចំណុច ដល់ក្រសួងធម្មការ និងសាសនា គណៈសង្ឃទាំងពីរគណៈ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្ត ដើម្បីជំរុញឱ្យវិស័យសាសនានៅកម្ពុជាកាន់តែរីកចម្រើន និងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញស្រោចស្រពព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចទាំង៦ព្រះអង្គ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ គួរឱ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា។ ជាក់ស្ដែង ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មី មួយទៀត ដែលបង្ហាញនូវការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ ។
ទន្ទឹមនឹងសមិទ្ធផលសម្រេចបានជាច្រើន ក្នុងវិស័យធម្មការ និងសាសនា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនជាពុទ្ធបរិស័ទមួយរូប សម្តេចមហាបវរធិបតី សូមចូលរួមចំណែកវិភាគទាននូវទស្សនៈ មួយចំនួនដូចខាងក្រោម៖
*ទី១៖ សូមសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមលើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ តាមរយៈការសម្តែងធម្មទេសនា នៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយធ្វើឱ្យប្រជាជនមាននូវបញ្ញាស្មារតី ប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យសង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។
*ទី២៖ ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា។ ក្នុងនោះក្រសួងធម្មការ និងសាសនា
ត្រូវបន្តសហការជាមួយ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនារបស់រដ្ឋ និងសីលធម៌សង្គម ជាពិសេសការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍រដ្ឋ និងឯកជនបណ្តាញសង្គម និងផ្ទាំងប៉ាណូតាមទីសាធារណៈ។
*ទី៣៖ ក្រសួងធម្មការ និងសាសនា គួរពិចារណាក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ, សុខភាពផ្លូវចិត្ត, បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅក្នុងសង្គម។
*ទី៤៖ ក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយ គណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយ ទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍ តាមវត្តអារាម។
*ទី៥៖ ក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។ ទន្ទឹមនេះ មន្ទីរធម្មការ និង សាសនាខេត្ត-ក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈ កិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៕