(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាដីធ្លីត្រូវឈរលើមូលដ្ឋានច្បាប់ ជាក់ស្តែង តម្លាភាព មិនលម្អៀងដើម្បីមានយុត្តិធម៌ គឺជាគោលការច្បាស់លាស់ដែលត្រូវប្រកាន់យក។

ការគូសបញ្ជាក់បែបនេះរបស់លោកអភិបាលខេត្តកំពង់ធំ បានធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី៤សហគមន៍ រួមមាន៖ សហគមន៍អួរលួ, សហគមន៍តាអុកតាតេង, សហគមន៍កោះរះ និងសហគមន៍៣មុំ ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលលោកស្រី ស៊ូ គន្ធា បានប្តឹងទាមទារយកដីចំនួន ១,៣៨០ហិកតា។ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ តំណាងសហគមន៍ទាំង៤ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា នេះកិច្ចប្រជុំលើកទី៤ហើយ ដែល២លើករៀបចំប្រជុំនៅសាលាខេត្ត និង២លើកប្រជុំនៅសាលាស្រុកតាំងគោក ដោយមិនគិតកិច្ចប្រជុំថ្នាក់ឃុំឡើយ។ ការទាមទារណាមួយរបស់បងប្អូនប្រជាពលរដ្ឋត្រូវឈរលើមូលដ្ឋានច្បាប់ ដោះស្រាយលើមូលដ្ឋានច្បាប់ មូលដ្ឋានជាក់ស្តែង  សមស្រប តម្លាភាព និងយុត្តិធម៌ គឺជាគោលការច្បាស់លាស់ដែលត្រូវប្រកាន់យក។

គួរបញ្ជាក់ថា ក្រោយករចុះវាស់វែងលើផ្ទៃដីជាក់ស្តែងដែលបានទាមទារចំនួន ១,៣៨០ហិកតានោះ មានត្រឹមទំហំត្រឹមតែ៦៥៤ហិកតាតែប៉ុណ្ណោះ ហើយផ្ទៃដីនេះជាន់គ្នាលើដីសហគមន៍ទាំង៤ទៀតផង។ សំណួរសួរថាតើលោកស្រី ស៊ូ គន្ធា ដែលតំណាងឱ្យប្រជាពលរដ្ឋធ្វើការទាមទារមានអ្វីឱ្យពិតប្រាកដអីជាសម្អាងថា បានធ្លាប់ប្រើប្រាស់ អាស្រ័យផលលើដីនោះ?

ចំពោះតំណាងសហគមន៍ទាំង៤ បានលើកឡើងពីប្រវត្តិដីដែលបានកាន់កាប់អាស្រ័យផលរួមមាន៖

*សហគមន៍អួរលួកាន់កាប់ដីឆ្នាំ២០០១ រហូតមក មានសមាជិកសហគមន៍ ១៨៤គ្រួសារ មានផ្ទៃដី ១,៣៧០ហិកតា
*សហគមន៍តាអុកតាតេង កាន់កាប់ឆ្នាំ២០០១ រហូតមក មានសមាជិកសហគមន៍ ១០០គ្រួសារ មានផ្ទៃដី ១,០១០ហិកតា
*សហគមន៍កោះរះកាន់កាប់ដីឆ្នាំ១៩៩៦ រហូតមកមានសមាជិកសហគមន៍ ២៤៤គ្រួសារ មានផ្ទៃដី ១,៤៨៨ហិកតា
*សហគមន៍៣មុំ កាន់កាប់ដីឆ្នាំ២០០២ រហូតមក មានសមាជិកសហគមន៍ ៣០៨គ្រួសារ មានផ្ទៃដី១៥៦១ហិកតា។

តំណាងសហគម៍ទាំង៤ បានបញ្ជាក់ថា ប្រជាពលរដ្ឋខាងលោកស្រី ស៊ូ គន្ធា មិនដែលចូលធ្វើស្រែក្នុងដីនោះទេហើយក៏មិនដែលទាមទារអ្វីដែរ ក្រោយពេលរាជរដ្ឋភិបាល ប្រកាសកាត់ឆ្វៀលឱ្យទើបមានឈ្មោះ ស៊ូ គន្ធា និងប្រជាពលរដ្ឋមកប្តឹងទាមទារ ថាក្រុមខ្លួនមានដីនៅទីនេះ (សហគមន៍ទាំង៤)។

ក្នុងនាមតំណាងសហគមន៍ទាំង៤ មិនបែងចែងដីឱ្យទៅលោកស្រី ស៊ូ គន្ធា ដែរ លុះត្រាតែរដ្ឋត្រូវការធ្វើអ្វីមួយទើបឱ្យប្រសិនបើលោកស្រីមកទាមទារមិនអនុញ្ញាតិទេ។ ដោយឡែកមេឃុំទ្រៀល បានបញ្ជាក់ថា លោកបានទៅប្រាប់ឈ្មោះ ស៊ូ គន្ធា ឱ្យមកចូលរួមប្រជុំដោះស្រាយ តែគាត់ថា និងបែងចែកគ្នា២ក្រុម មកចូលរួមប្រជុំព្រោះគាត់ជាប់ប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សគាត់។

មេភូមិឈូក ឃុំទ្រៀល បានបញ្ជាក់ លោកធ្វើជាអនុភូមិតាំងពីឆ្នាំ១៩៩៧ បន្ទាប់មកក្លាយជាមេភូមិមិនដែលបានទទួលព័ត៌មានថាឈ្មោះ ស៊ូ គន្ធា និងប្រជាពលរដ្ឋទាមទារ មានដី និងកាន់កាប់នៅតំបន់នោះទេ។ លោកសូមអំពាវនាវប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់បុគ្គលណាដែលធានាថាមានដីច្រើន ពេលទាមទារទៅដឹងតែបានហើយ៕