(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឧត្តមភរិយា និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង ឧត្តមភរិយាលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំងនារីជានគរបាលជាតិជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។

លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តែផ្ដាំដល់កងកម្លាំងនគរបាលនារីទាំងអស់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារៈកិច្ច បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង ខិតខំពង្រឹងចំណេះដឹង បង្កើនសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្របន្ថែម អំពីវិធានការជំនាញរបស់កងកម្លាំងនគរបាលជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។

ជាកិច្ចបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ សារុង និងថវិកាចំនួន ៥០,០០០រៀល ដល់កងកម្លាំងនគរបាលនារីផងដែរ ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ៕