(ភ្នំពេញ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ បានកំពុងខិតខំជំរុញការរៀបចំ និងការអភិវឌ្ឍឆ្ពោះទៅតាមទស្សនទានថ្មីជារដ្ឋបាលឌីជីថល សេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថល តាមរយៈការប្រើប្រាស់ ឬបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល រួមទាំងបច្ចេកវិទ្យាទំនើបដទៃទៀត។

ការលើកឡើងបែបនេះរបស់ លោក ម៉ាង ស៊ីណេត បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter)។ ពិធីនេះដោយមានការអញ្ជើញជាអធិបតិភាពរបស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Import Export Co., Ltd. លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ក្រុមការងារ និងភ្ញៀវកត្ដិយសជាច្រើននាក់។

ថ្លែកក្នុងពិធីនេះ លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និងគោលការណ៍ទីក្រុងឆ្លាត រដ្ឋបាលខេត្តព្រះសីហនុបានកំពុងខិតខំជំរុញការរៀបចំ និងការអភិវឌ្ឍឆ្ពោះ ទៅតាមទស្សនទានថ្មី ជារដ្ឋបាលឌីជីថល សេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថល តាមរយៈការប្រើប្រាស់ឬបំពាក់នូវប្រព័ន្ធបច្ចេក វិទ្យាទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល រួមទាំងបច្ចេកវិទ្យាទំនើបដទៃទៀត ដែលអាចឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគតប្រកបដោយចីរភាព សុខភាព និងសុភមង្គល មានជាអាទិ៍សន្តិសុខ សុវត្ថិភាព នគរូបនីយកម្ម សំណង់ សុរិយោដី ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចរាចរណ៍ ដឹកជញ្ជូន ទូរគមនាគមន៍ សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម នវានុវត្តន៍ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សេវាសាធារណៈ ពន្ធដារ សេវាសង្គម ប្រជាជន លំនៅឋាន សុខុមាលភាព អប់រំ ថាមពល ធនធានទឹក ការគ្រប់គ្រងបរិស្ថាន សំណល់រឹង សំណល់រាវ ការការពារគ្រោះមហន្តរាយ ឧក្រិដ្ឋកម្ម និងវិស័យអាទិភាពផ្សេងៗទៀតរបស់ទីក្រុង។

លោក ម៉ាង ស៊ីណេត បានបន្តថា ជាក់ស្ដែងការរៀបចំ និងសម្រេចដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០ ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣៨ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ និងសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច សង្គមកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ និងសកម្មភាពតាមវិស័យជាច្រើនទៀត។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានបន្ដទៀតថា ដើម្បីធានាសន្តិសុខ សុវត្ថិភាព ដល់អ្នកវិនិយោគ ភ្ញៀវទេសចរ និងការរស់នៅបានសុខស្រួលរបស់ប្រជាជន ក្នុងខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបានយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ព្រមទាំងប្ដេជ្ញាប្រយុទ្ធប្រឆាំង ជាមួយឧក្រិដ្ឋជន ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ជួញដូរអាវុធ បង្ខាំងមនុស្ស និងបទល្មើសផ្សេងទៀត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានលើកឡើងថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន ដែលក្រុមហ៊ុន ជី.ធី.វី.ស៊ី បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុង ព្រះសីហនុ លើផ្ទៃដីប្រមាណ ២២០០០ ម៉ែត្រការេ។ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ របស់យើង មានសមត្ថភាពទទួលអូប័រទេសចរណ៍តូចធំចេញចូលម្តង២០គ្រឿងក្នុងពេលតែមួយ និងមានក្រុមហ៊ុន អូប័រចំនួន២១ ជាសមាជិករបស់សមាគមន៍ ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដោយក្នុងនោះ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគម។

អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្ដថា នៅក្នុងកំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុនេះ មានសម្បទាទ្រទ្រង់ទេសចរណ៍ជាច្រើន រួមមានហាងកាហ្វេអាម៉ាហ្សូន ហាង7-Eleven ម៉ាស៊ីនទូATM អាហារដ្ឋាន ចំណតរថយន្ត ចំណតអង្គុយរង់ចាំចុះអូប័រ ហាងលក់សំលៀកបំពាក់ បន្ទប់ទឹកសាធារណៈ សេវាកម្មសន្តិសុខ២៤ម៉ោង និងការិយាល័យក្រុមហ៊ុនផ្សេងៗ សរុបជាង២០ក្រុម ហ៊ុន។ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មានភ្ញៀវធ្វើដំណើរទៅបណ្តាកោះនានា ចំនួនប្រមាណ ១ពាន់នាក់ គិតជាមធ្យមក្នុងមួយថ្ងៃ។

លើសពីនេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្ដទៀតថា ចំពោះក្រុមហ៊ុនអូប័រល្បឿនលឿន GTVC Speedboat Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន GTVC Import Export Co., Ltd. បានចាប់ផ្តើមដំណើរការសេវាកម្មអូប័រក្នុងឆ្នាំ២០១៦ ដែលកាលនោះមានអូប័រតែ ០២គ្រឿងប៉ុណ្ណោះ។ មកដល់សព្វថ្ងៃនេះ GTVC Speedboat Cambodia មានអូប័រចំនួន ២៦គ្រឿង និងយ៉ាតប្រណិត ០១ គ្រឿង សរុបប្រមាណ ៨៧៨កៅអី។ ក្រុមហ៊ុនក៏កំពុងសិក្សានាំទូកប្រណិតធំៗ មួយចំនួនទៀតផងដែរ ដោយក្រុមហ៊ុនមានផែនការក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមគោលដៅដែលបានសិក្សា ព្រះសីហនុ-ត្រាត និង ព្រះសីហនុ-កោះត្រល់។ ក្រៅពីអូប័រដឹកភ្ញៀវទេសចរ យើងក៏មានអូប័រពេទ្យដើម្បីរុករក និងជួយសង្គ្រោះប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរពីលម្អសមុទ្រ មកគោកហើយយើងក៏មានឡានពេទ្យ ០១គ្រឿង និងឡានទឹកពន្លត់អគ្គិសភ័យ ចំនួន ០២គ្រឿងផងដែរ៕