(ភ្នំពេញ)៖ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានកត់សម្គាល់អំពីការកើនឡើងនៃសំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ ដែលស្ថិតនៅក្នុងកម្រិត Top5។

ការអះអាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។

លោកបញ្ជាក់ដូច្នេះថា៖ «សំណុំរឿងពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីបរិភោគនេះ គឺមានការកើនឡើងរហូតដល់ជាង១ម៉ឺនសំណុំរឿង ស្មើនឹង១០ភាគរយនៃសំណុំរឿងរដ្ឋប្បវេណីសរុប ដែលជាចំណាត់ថ្នាក់មួយក្នុងចំណោមចំណាត់ថ្នាក់ខ្ពស់ Top 5»

លោកសេង ឌីណា បានបន្តថា បើពិនិត្យមើលទៅលើបណ្ដឹង ដែលដាក់ស្នើមកយុទ្ធនាការទាំងពីរដែលដាក់ចេញដោយក្រសួងយុត្តិធម៌វិញ ដើម្បីស្នើឱ្យជួយពិនិត្យដោះស្រាយ ក៏មានសំណុំរឿងពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីបរិភោគច្រើនដែរ គឺរហូតដល់១៧% នៃបណ្ដឹងរដ្ឋប្បវេណីនៃសរុប។

បើតាម លោក សេង ឌីណា, តាមការសិក្សាលម្អិតទៅលើសំណុំរឿងទាំងនេះ ក្រុមការងារបានរកឃើញថា ការកំណត់ការប្រាក់ទាក់ទងនឹងការប្រាក់យឺតយ៉ាវនៅក្នុងកិច្ចសន្យាខ្ចីប្រាក់ គឺនៅមិនទាន់មានសុគតភាពគ្នានៅឡើយទេ អីចឹងដើម្បីធានានៅអនុភាព ប្រសិទ្ធភាព និងសុគតភាពក្នុងការអនុវត្តច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ ដើម្បីធានាបានថា នៅក្នុងសង្គមនីតិរដ្ឋ គឺត្រូវតែមានស្ថេរភាពមានសុគតភាពធ្វើយ៉ាងម៉េចឱ្យមានជំនឿទុកចិត្តពីសាធារណជន ដែលនេះគឺជាគ្រឹះនៃស្ថេរភាពនៅក្នុងសង្គម ដូច្នេះអង្គសន្និបាត នៃវិស័យយុត្តិធម៌ក៏បានឯកភាពគ្នាដូចខាងក្រោម៖

ទី១៖ ទាក់ទងនឹងការកំណត់អត្រាការប្រាក់៖ អត្រាការប្រាក់ សម្រាប់ប្រាក់កម្ចីនៃក្រមរដ្ឋប្បវេណី និងឥណទានជនបទ គឺត្រូវបានកំណត់យ៉ាងច្រើនបំផុតត្រឹម១៨ភាគរយក្នុងមួយឆ្នាំ ស្របតាមប្រកាសចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ របស់ក្រសួងយុត្តិធម៌ ស្ដីពីអត្រាការប្រាក់ដែលត្រូវបានកម្រិត។

ទី២៖ ការប្រាក់គឺមិនអាចក្លាយជាប្រាក់ដើមឡើយ បើសិនជាបង់យឺតយ៉ាវរយៈពេលក្រោម១ឆ្នាំ

ទី៣៖ ការប្រាក់ដែលត្រូវបានសងលើសអត្រាដែលត្រូវបានកម្រិតពីព្រោះអត្រាការប្រាក់កម្រិតបានត្រឹមតែ ១៨ភាគរយទេ ហើយចំណែកដែលលើសពី ១៨ភាគរយត្រូវតែតម្រឹមមកវិញឲ្យនៅត្រឹមតែ 18ភាគរយ ហើយបើសិនជាមានចំណែកណានៅក្នុងកិច្ចសន្យាកំណត់លើសពី ១៨% ហើយកូនបំណុលបានបង់អត្រាការប្រាក់ប្រាំបីភាគរយនេះហើយ អីចឹង ចំណែកភាគដែលលើស ដែលត្រូវបានបង់រួចហើយនេះ ត្រូវកំណត់យកជាសំណងនៃប្រាក់ដើមហើយក្នុងករណីដែលសង់ប្រាក់ដើមហ្នឹងបូកដកគុណចៃទៅឃើញលុយតែសងផ្នែកលើសហ្នឹងលើសពីប្រាក់ដើមដោយជំពាក់ទៅទៀត អីចឹងមានន័យថាម្ចាស់បំណុលត្រូវសងចំណែកដែលលើសហ្នឹងត្រឡប់មកដល់កូនបំណុលវិញដោយបូកបន្ថែមនូវការប្រាក់ ៥% ក្នុងមួយឆ្នាំតែម្តង។

ទី៤៖ អត្រាការប្រាក់សម្រាប់គ្រឹះស្ថានធនាគារគឺ១៨ភាគរយគឺមិនពាក់ព័ន្ធទៅនឹងកម្ចីដោយគ្រឹះស្ថានធនាគារនោះទេ គឺអាចកំណត់អត្រាការប្រាក់ផ្សេងដោយអនុវត្តទៅតាមវិធានដាច់ដោយឡែកគឺប្រកាសចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា ស្តីពីការកំណត់ពិដានអត្រាការប្រាក់ឥណទាន៕

ខាងក្រោមនេះជាការពន្យល់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖