(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈសាខាកាកបាទក្រហមកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារសារខ្យល់កន្ត្រាក់ចំនួន ៤៦គ្រួសារ (រលំទាំងស្រុងចំនួន២ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៤៤ខ្នងផ្ទះ) មកពី៦ភូមិ ក្នុងឃុំចំនួន៣ នៃស្រុកសង្កែ ខេត្តបាត់ដំបង។ ពិធីនេះធ្វើនៅបរិវេណវត្តបុះបេង ឃុំអូរដំបង១ ស្រុកសង្កែ។

នាឱកាសនោះ លោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ បានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្រុកសង្កែ មានភ្លៀងលាយឡំដោយខ្យល់ កន្រ្តាក់បណ្តាលឱ្យប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១១៣ខ្នងផ្ទះ (ស្មើ១១៣គ្រួសារ) លើក៣ឃុំ ក្នុងភូមិចំនួន៦ ក្នុងស្រុកសង្កែ ក្នុងនោះរលំទាំងស្រុងចំនួន២ខ្នងផ្ទះ ប៉ើងដំបូលធ្ងនធ្ងរចំនួន ៤៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន៦៧ខ្នងផ្ទះ និងសាលារៀនចំនួន១ផងដែរ។

លោក សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោកអភិបាលខេត្ត បានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ។

លោកបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នាដែលតម្រូវឱ្យប្រជាពលរដ្ឋ គ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

ប្រធានគណៈកម្មាធិការសាខា បានគូបញ្ជាក់ថា រយៈពេល៣ខែ ដើមឆ្នាំ២០២៥នេះ ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងចំនួន ៦លើក ស្មើ ១៦៤ខ្នងផ្ទះ (ស្មើ១៦៤គ្រួសារ) លើកស្រុកចំនួន៤ ក្នុងឃុំចំនួន៧លើក, ភូមិចំនួន៩ភូមិ, ក្នុងនោះរលំទាំងស្រុងចំនួន ១១ខ្នងផ្ទះ ប៉ើដំបូលធ្ងនធ្ងរ ចំនួន ៦០ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន៩០ខ្នងផ្ទះក្នុងនោះដែលដើមឈើរលំសង្កត់របួសមនុស្សចំនួន៤នាក់ និងមានរន្ទះបាញ់បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

ថ្លែងក្នុងពិធីនេះលោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមយុទ្ធនាការដាំដើមឈើឱ្យបានច្រើនព្រោះថា ដើមឈើគឺជាជម្រកយ៉ាងត្រជាក់ត្រជុំសម្រាប់មនុស្ស និងសត្វដូចជា៖ ដើមឈើនៅតាមព្រៃភ្នំជាជម្រក របស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផង។ ឯដើមឈើណាដុះនៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួ ទឹកស៊ីអ៉ីវ ១យួរ ទឹក បរិសុទ្ធ ១កេស និងត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង ក្រមា) ថវិកាចំនួនមួយដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង់១ផងដែរ៕