(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានអញ្ជើញប្រកាស ចូលកាន់មុខតំណែងអធិការស្រុកកំពង់លែងថ្មី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែងផងដែរ។
ក្នុងពិធីនោះដោយមានការអញ្ជើញចូលរួមពីអភិបាលរងស្រុក មេបញ្ជាការអាវុធហត្ថស្រុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុក កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤ នៅក្នុងស្រុកកំពង់លែង អាជ្ញាធរឃុំ និងនិវត្តន៍ជន គ្រួសារមរណៈ និងប្រជាពលរដ្ឋចូលរួមជាច្រើនអ្នក។
លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អត្ថលេខ០៤១៩០ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង ត្រូវបានតែងតាំងជានាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ហើយលោកវរសេនីយ៍ទោ សៀង ប៊ុនសាន អត្ថលេខ៥៨៧៧៩ អធិការរង ត្រូវបានតែងតាំងជាអធិការនគរបាលស្រុកកំពង់លែង។
លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ក្នុងឱកាសនោះ បានផ្ដាំផ្ញើ និងណែនាំអធិការដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុក្ខដាក់បម្រើការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដោយត្រូវលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូ ឧត្តមភាព កិត្យានុភាព ជំនឿទុក ចិត្ត និងត្រូវតម្រង់ទិសដៅដល់មន្ត្រីនគរបាលក្រោមឱវាទឲ្យប្រព្រឹត្តនូវអំពើល្អត្រឹមត្រូវ ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបញ្ជាក់ថា មន្ត្រីនគរបាលត្រូវមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងអង់អាចក្លាហាន ហ៊ានធ្វើពលិកម្មនូវគ្រប់កាលៈទេសៈទាំងអស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា មន្ត្រីនគរបាលជាតិ ជាកងកម្លាំងប្រដាប់អាវុធដែលមានតួនាទីជាមន្ត្រីអនុវត្តច្បាប់ ក្នុងការងារប្រចាំថ្ងៃ និងក្នុងកិច្ចប្រតិបត្តិការ ដើម្បីថែរក្សាសន្តិសុខ សន្តិភាព សុវត្ថិភាពសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
មន្ត្រីនគរបាលជាតិត្រូវអនុវត្តបទបញ្ជា និងគោរពច្បាប់វិន័យឲ្យបានត្រឹមត្រូវ ដោយគោរព និងប្រតិបត្តិដោយស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ប្រកបដោយសុចរិតភាព និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ទាក់ទងនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ឥរិយាបទល្អ ប្រកបដោយសីលធម៌ ភាពស្មោះត្រង់ យុត្តិធម៌និងភា ពមិនលំអៀងក្នុងពេលបំពេញភារកិច្ច។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ តេង ចាន់ណា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអំណោយ និងថវិកាមួយចំនួនដល់និវត្តជនចំនួន១៥គ្រួសារ និងពលរដ្ឋក្រីក្រចំនួន៣៣នាក់៕