(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានស.ស.យ.ក ខេត្ត, លោក សំ តុលា មេបញ្ជាការខេត្ត, លោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មខេត្ត, លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងកងកម្លាំងអាវុធហត្ថជាច្រើននាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

នាឱកាសនោះលោក គួច ចំរើន បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ជាពិសេសយុវជន សូមបន្តចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះ ដែលកំពុងតែត្រូវការឈាមជាចាំបាច់ ហើយក៏បានថ្លែងអំណរគុណដល់កម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានចូលរួម និងជួយគាំទ្រយ៉ាងពេញទំហឹងក្នុងយុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជារៀងរាល់ពេលយ៉ាងទៀងទាត់ ពីព្រោះឈាមគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើកគ្មានអ្នកបរិច្ចាគឈាមទេ គឺយើងគ្មានឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺនោះឡើយ។

លោក គួច ចំរើន និងលោកស្រី វិជ្ជបណ្ឌិត មើក សាមាន ក៏បានផ្តល់កិត្តិយយសបំពាក់មេដាយ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានលះបង់នូវគុណតម្លៃមូយនេះ។

សូមបញ្ជាក់ថា កន្លងមកកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងមួយឆ្នាំចំនួនពីរលើក គិតចាប់ពីឆ្នាំ២០១៥ រហូតមកបច្ចុប្បន្ននេះបានចំនួន១៥លើក ក្នុងនោះមានអ្នកចូលរួមចំនួន ៣,៤៣២នាក់ ហើយអ្នកដែលបានបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានចំនួនជាងពីពាន់ផ្លោក។ ដោយឡែកសម្រាប់កម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះ គឺទទួលបានឈាមប្រមាណ ១៨៨កំប្លោក។

បើតាមលោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានឱ្យដឹងថា ចំពោះការបរិច្ចាគឈាម គឺមនុស្សទូទៅអាចធ្វើការបរិច្ចាគបាន ដែលតម្រូវឱ្យមានអាយុចាប់ពី ១៨ឆ្នាំឡើង ដល់៦០ឆ្នាំ មានទម្ងន់ចាប់ពី ៤៥គីឡូឡើងទៅ មានសម្ពាធឈាមធម្មតា មានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមានសុខភាពល្អ។ ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដង ដូច្នេះ អាចដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍ជាដើម ហើយក្រុមការងារ នៃមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមនឹងរក្សាសម្ងាត់ជូន។ ជួយកាត់បន្ថយ នូវហានិភ័យនៃជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។ ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

លោកស្រីបានលើកឡើងពីឱវាទព្រះពុទ្ធសាសនាថា ការបរិច្ចាគឈាម គឺស្ថិតនៅក្នុងទានកម្រិតទី២ គឺទានឧបរបារមី  ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មាន លុយកាក់ក៏ដោយ ព្រោះការបរិច្ចាគឈាមគឺជាការធ្វើទាន ដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ជួយសង្គ្រោះជីវិតអ្នកជំងឺ ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ ក៏គ្រាប់ឈាមក្រហមរបស់យើង នឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ។

លោកស្រីមិនភ្លេចផ្ដាំផ្ញើរដល់អ្នកដែលមានតម្រូវការឈាមសង្រ្គោះផងដែរថា រាល់តម្រូវការឈាម មិនថាពេទ្យរដ្ឋក្ដី ពេទ្យឯកជនក្ដី គឺមិនមានការចំណាយថវិការឡើយ បើសិនជាមានករណីពេទ្យណាហ៊ានកំណត់តម្លៃឈាម សូមប្ដឹងមកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយក៍បានដែរ។

លោកស្រីក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋពីការចូលរួមបរិច្ចាគឈាមឱ្យបានរាល់៣ខែម្ដង ដើម្បីខ្លួនមានសុខភាពល្អជាងមុន ហើយសង្រ្គោះជីវិតមនុស្សយើង ព្រោះរាល់៥នាទីម្ដង ចាំបាច់ណាស់ត្រូវការឈាមមួយប្លោកសម្រាប់សង្រ្គោះ ចុះមួយថ្ងៃ២៤ម៉ោងវិញ តើយើងចាំបាច់ត្រូវការឈាមប៉ុន្មានប្លោកដើម្បីជួយសង្រ្គោះអ្នកជំងឺ?។ កត្តាចាំបាច់នេះ សូមពលរដ្ឋយើងភ្ញាក់ស្មារតីឡើង កុំខ្លាចការបរិច្ចាគឈាម តែផ្ទុយមកវិញ វាជាការធ្វើបុណ្យ ជាកាយវិការមនុស្សធម៌ដ៏ល្អពិតៗ និងសក្កិសមជាពលរដ្ឋមានចិត្តធម៌ ចេះជួយគ្នាក្នុងគ្រាលំបាកពិតប្រាកដ៕