(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដែលមានលោក ស រដ្ឋា ជាប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ការត្រៀមរៀបចំសង្រ្កាន្តបាត់ដំបង២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់អភិបាលរងខេត្ត ប្រធានអនុគណៈកម្មការទាំង១២ និងថ្នាក់ដឹកនាំ ស.ស.យ.កខេត្ត ក្នុងការរៀបចំសង្រ្កាន្ត២០២៥ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

លោក សុខ លូ បានណែនាំអនុគណៈកម្មការនីមួយៗ ត្រូវសហការគ្នា ខិតខំធ្វើការ និងទទួលខុសត្រូវរៀងៗខ្លួន ព្រមទាំងនាំគ្នាការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីសង្រ្កាន្តនេះ ដោយមានកិច្ចសហការរវាង កងកម្លាំងទាំង៣ផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ទីតាំងដែលយើងបានត្រៀមរៀបចំធ្វើឡើងនៅតាមគោលដៅ និងជុំវិញវិមានឯករាជ្យ និងមានឈ្មោះតំបន់សម្រាប់កម្សាន្តមានចំនួន១១តំបន់ផ្សេងគ្នាមាន៖

*ទី១៖ តំបន់ក្លោងទ្វារសង្រ្កាន្ត
*ទី២៖ តំបន់វេទិកាបើកព្រឹត្តិការណ៍
*ទី៣៖ តំបន់ត្រជាក់ចិត្ត
*ទី៤៖ តំបន់ពាងទឹក
*ទី៥៖ តំបន់ភូមិយើង៖ ភូមិ ស ស យ ក, ពិព័រណ៍ក្រុង-ស្រុក, ពិព័រណ៍ភូមិ១ ផលិតផល១ និងទីតាំងល្បែងប្រជាប្រិយខ្មែរ
*ទី៦៖ តំបន់តន្រ្តីស្រុកស្រែ
*ទី៧៖ តំបន់សាសនា
*ទី៨៖ តំបន់ផលិតផលយក្ស
*ទី៩៖ តំបន់ភូមិបង្អែមខ្មែរ
*ទី១០៖ តំបន់ពិព័រណ៍ទូទៅ
*ទី១១៖ តំបន់តន្រ្តីសម័យ។

ទីតាំងតំបន់ទាំង១១នេះហើយ ដែលអនុគណៈកម្មការទទួលបន្ទុកយើងបាននាំគ្នារៀបចំឡើង ទុកសម្រាប់ប្រជាពលរដ្ឋ មកលេងកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីសង្រ្កានឆ្នាំថ្មីនេះផងដែរ ព្រមទាំងបានពិភាក្សា ត្រួតពិនិត្យតាមរយៈការបញ្ចាំងស្លាយដើម្បីរកចំណុចខ្វះខាតដែលត្រូវកែតម្រូវបំពេញបន្ថែមតាមក្រោយឲ្យបានល្អប្រសើរ៕