(ភ្នំពេញ)៖ ខណៈកំពុងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីឱ្យស្របទៅតាមស្ថានភាពជាក់ស្តែង។ នេះបើតាម លោក សេង ឌីណា​ អ្នកនាំពាក្យក្រសួងយុត្តិធម៌។

ការអះអាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។

លោក សេង ឌីណា បានបញ្ជាក់ថា៖ «បើសិនជាមានតម្រូវការ ក្រសួងយុត្តិធម៌ នឹងចូលរួមផ្ដល់យោបល់ទៅតាមអ្វីដែលអាចធ្វើទៅបាន ក៏ព្រោះថា យើងក៏ឯកភាពទាំងអស់គ្នានៅក្នុងក្រសួងយុត្តិធម៌ក៏ឯកភាពគ្នាដែរថា សង្គមរបស់យើងបានវិវត្តទៅជាសង្គមមួយ គឺថាជាសង្គមឌីជីថល ដូច្នេះមានភាពចាំបាច់ក្នុងការគ្រប់គ្រងលំហរ Digital»។

បើតាមអ្នកនាំពាក្យរូបនេះ នៅក្នុងការងារធ្វើវិសោធនកម្មក្រមរបស់កម្ពុជា ជាពិសេសក្រមព្រហ្មទណ្ឌ ក្រុមការងារបច្ចេកទេសដែលទទួលបន្ទុកទៅលើការធ្វើវិសោធនកម្ម ក៏បានកំណត់ជាអាទិភាពរួចហើយថា ឧក្រិដ្ឋកម្ម ឬបទល្មើសតាមអនឡាញនេះ នឹងត្រូវលើកយកមកសិក្សា ដើម្បីពិនិត្យមើល ក្នុងករណីមានកន្លែងណាដែលត្រូវកែប្រែទៅលើបទល្មើសដែលមានស្រាប់។

លោកបញ្ជាក់ទៀតថា «បើសិនជាមានបទល្មើសមួយចំនួន ជាបទល្មើសអនឡាញថ្មី ហើយដែលពីមុនយើងមិនដែលមាន មិនបានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌបច្ចុប្បន្នទេ យើងនឹងសិក្សាអំពីលទ្ធភាពបញ្ចូលបទល្មើសថ្មីៗទៀត ដែលជាប្រភេទបទល្មើសបច្ចេកវិទ្យា ចូលទៅក្នុងក្រមព្រហ្មទណ្ឌរបស់យើង»

សូមស្តាប់ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖