(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់រង្វង់មូលថ្មីមួយទៀត នៅលើដងផ្លូវជាតិលេខ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកកម្ពស់សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកស្រីវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញ លើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃ ទៅមួយថ្ងៃគួរជាទីមោទន។ ជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះបានលេចចេញជារូបរៀងឡើងនាពេលខាងមុខនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរឱ្យរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពលរដ្ឋបានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ៕