(ភ្នំពេញ)៖ សមាគមពាណិជ្ជករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំពិធីសន្និបាតឆ្នាំ២០២៤ លើកទិសដៅឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជំនួបម្ចាស់អាជីវកម្ម លើកទី៦ ក្នុងគោលបំណងបង្កើតឲ្យមានកិច្ចហការគ្នារវាងម្ចាស់អាជីវកម្មនាំចេញនាំចូល និងក្រុមហ៊ុនដឹកជញ្ជូន និងកិច្ចសហការ រវាងក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទុីកដូចគ្នា ដើម្បីបំពេញចន្លោះសេវាកម្មឱ្យគ្នាទៅវិញទៅមក។

ក្នុងអង្គពិធីនេះ បានរៀបចំថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៥ នៅសណ្ឋាគារហុីម៉ាវ៉ារី ដោយការអញ្ជើញចូលរួមជាគណៈធិបតី លោក ផា អេងវ៉េង អគ្គនាយរង តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឡើងថ្លែងមតិចំណាប់អារម្មណ៍ ដោយកោតសរសើរ អំពីការខិតខំប្រឹងប្រែងរបស់សមាគមដែលបានបង្កើតសកម្មភាពច្រើន និងឈ្មោះរបស់សមាគម មានន័យក្នុងបេសកម្ម និងសកម្មទាំងឡូជីស្ទីក និងខ្សែច្រវាក់ផ្គង់នៅកម្ពុជា ហើយសមាគមក៏មានសកម្មភាពបន្ថែមទៅលើកិច្ចការសង្គមទៀតផង។

ក្រៅពីនេះ លោកក៏បានណែនាំឱ្យសមាគម ធ្វើការឱ្យស្និតជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចូលរួមដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់សមាជិកដែលពាក់ព័ន្ទ រកមធ្យោបាយរួមគ្នា និងជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ធ្វើយ៉ាងណាឱ្យឡូជីស្ទីកនៅកម្ពុជាមានភាពល្អប្រសើរ ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

លោកក៏បានបន្ថែមថា «វិស័យឡូជីស្ទីក និងដឹកជញ្ជូន គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលត្រូវយកចិត្តដាក់ និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីផ្តល់ភាពងាយស្រួល ក្នុងទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា»។

សូមជម្រាបជូនថា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា គឺជាអង្គការសមាគមក្រៅរដ្ឋាភិបាល មិនរកប្រាក់ចំណេញ ដែលបង្កើតឡើងដើម្បីរួបរួមសមាជិកក្នុងវិស័យឯកជន គិតអំពីប្រយោជន៍រួមរបស់សមាជិក ធ្វើកិច្ចសហការដៃគូជាតិ និងអន្តរជាតិ ជំរុញសេដ្ឋកិច្ចកម្ពុជា ការកៀគរអ្នកវិនិយោគ និងចូលរួមកិច្ចការសង្គម។

ពិធីសន្និបាត និងជំនួបម្ចាស់អាជីវកម្ម នាំចេញ នាំចូល ដឹកជញ្ជូន និងឡូជីស្ទីកលើកទី៦នេះ ទទួលបានចូលរួមពីដៃគូសហការជាច្រើន រួមទាំងមានម្ចាស់អាជីវកម្មនាំចេញ នាំចូល ក្រុមហ៊ុនឡូជីស្ទីក ដឹកជញ្ជូន ផែស្ងួត កំពង់ផែស្វ័យតភ្នំពេញ កំពង់ផែពហុបំណង ក្រុមហ៊ុនកប៉ាល់ ក្រុមហ៊ុនផ្លូវល្បឿនលឿន ធនាគារ និងបណ្តារអាជីកម្មផ្សេងទៀត សរុបជាង១០០នាក់៕