(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធាន ស.ស.យ.ក និងលោកស្រី បានចាត់បញ្ជូនសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៣០៥នាក់ ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.កបានចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី សិស្សានុសិស្ស និងយុវជនដោយឥតគិតថ្លៃ និងផ្តល់ វីតាមីនបំប៉នជូនដល់សិស្សានុសិស្ស ស្ថិតនៅក្នុងបរិវេណវិទ្យាល័យអនុវិទ្យាល័យមន្ត្រី ស្ថិតក្នុងឃុំព្រៃ វិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមកិច្ចសហការ និងដឹកនាំសម្របសម្រួល ដោយលោក ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី លោកសាស្ត្រាចារ្យស៊ុំ សត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃវិហារ រួមជាមួយអាជ្ញាធរខេត្ត អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស.ស.យ.ក ស្រុកផងដែរ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាតំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស្រ៊ុន ថ្រាន់ អភិបាលរងខេត្តនិងជាប្រធានស.ស.យ.កខេត្ត, លោកវេជ្ជបណ្ឌិត ស្រូយ ដុល្លា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក., លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការ នៃក្រសួងផែនការ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក, អភិបាលស្រុក លោកមេឃុំ ព្រមទាំងវត្តមាន លោក លោកស្រី និងក្រុមការងារជាច្រើនរូបទៀតក៏បានចូលរួមក្នុងឱកាសនេះផងដែរ។
ការពិនិត្យ និងព្យាបាលជំងឺក្នុងរយៈពេលពេញថ្ងៃនេះ សរុបបានចំនួន៣,៦៦៩ករណី/នាក់ ដោយផ្តល់ជូននូវសេវាពិនិត្យ និងព្យាបាលមានដូចជា៖ ១៖ជំងឺទូទៅ, ២៖ជំងឺបេះដូង និងសរសៃឈាម, ៣៖អេកូបេះដូង, ៤៖ជំងឺមនុស្សចាស់, ៥៖ជំងឺ ត្រចៀក ច្រមុះ បំពង់ក, ៦៖បំពាក់ឧបករណ៍សម្លេងសម្រាប់មនុស្សគ-ថ្លង់, ៧៖ជំងឺភ្នែក និងចែកវ៉ែនតា, ៨៖ជំងឺសើរស្បែក និងកាមរោគ, ៩៖ជំងឺកុមារ, ១០៖ជំងឺវះកាត់តូច និងរោគសន្លាក់, ១១៖ជំងឺមាត់ ធ្មេញ, ១២៖ពិនិត្យអេកូសាស្ត្រ, ១៣៖រោគស្ត្រី និងពិនិត្យផ្ទៃពោះ, ១៤៖មន្ទីរពិសោធន៍ចល័ត, ១៥៖ជំងឺផ្លូវចិត្ត, ១៦៖ពិនិត្យបឋម និងវាស់សំពាធឈាម, ១៧៖អប់រំសុខភាពសាធារណ: និងជំងឺមិនឆ្លង និង១៨៖ជំងឺទឹកនោមផ្អែម និងក្រពេញអង់ដូគ្រីន។
ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ក្នុងពិធីនេះ មានសេចក្ដីអំណរសាទរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានចាត់បញ្ចូនសុទ្ធតែក្រុមគ្រូពេទ្យ ជំនាញៗមកក្នុងថ្ងៃនេះ និងសូមថ្លែងអំណរគុណដល់លោក ជួន វន ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកគងពិសី លោកសាស្ត្រាចារ្យ ស៊ុំ សត្ថា ប្រធានក្រុមការងារចុះជួយឃុំព្រៃវិហារ លោក លី ណាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំស្នំក្រពើ លោក ច័ន្ទថេត ថោនរៈ ប្រធានក្រុមការងារចុះជួយឃុំស្រង់ លោកស្រី វន វត្តី ប្រធានក្រុមការងារចុះជួយឃុំស្ដុក ឯកឧត្តម គឹម ជាតិ ប្រធានក្រុមការងារចុះជួយឃុំនិពាន្វ លោក ស៊ុម ប៉ុណ្ណារិទ្ធ ប្រធានក្រុមការងារចុះជួយឃុំជង្រុក លោក ស៊ុម ពុទ្ធាឬទ្ធី អនុប្រធានក្រុមការងារ ចុះជួយឃុំរកាកោះ ព្រមទាំងក្រុមការងារទាំងអស់ ជាពិសេសលោកបណ្ឌិតអភិបាលខេត្ត ដែលបានសហការសម្របសម្រួល និងដែលតែងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសដែលរស់នៅឆ្ងាយពីសេវាសុខាភិបាល ក្នុងយុគសម័យដែលប្រទេសជាតិយើងកាន់តែសម្បូរសប្បាយ រីក ចម្រើន និងរស់ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាក់ស្ដែងថ្ងៃនេះក្រុមគ្រូពេទ្យជំនាញៗ ដែលមកពីស្ទើរគ្រប់មន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋអម ជាមួយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ផ្តល់នូវជំនឿ និងទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅទីជនបទ
បងប្អូនបានសំណូមពរយ៉ាងទទូចដល់ក្រុមការងារដើម្បីបន្តកម្មវិធីពិនិត្យ និងព្យាបាលនេះឲ្យបានញឹកញាប់នាពេលខាងមុខបន្តទៀតផងដែរ៕