(កំពង់ស្ពឺ)៖ អេស្កាមួយគ្រឿងដែលមន្ត្រីឧទ្យានុរក្សតាំងបំពុងរឹបអូសពេលធ្វើសកម្មភាពវាយព្រៃអភិរក្សនៅឧទ្យានតាំងបំពុង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានដោះលែង និងប្រគល់ជូនម្ចាស់វិញ ក្រោយទទួលចំណារពីសាលាដំបូងខេត្តកំពង់ស្ពឺថាជារឿងយល់ច្រឡំ។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សតាំងបំពង់ បានបង្ក្រាប និងរឹបអូសអេស្កាមួយគ្រឿង ពេលកំពុងធ្វើសកម្មភាពវាយព្រៃអភិរក្ស។ មន្ត្រីឧទ្យានុរក្សបានបើកអេស្កានោះមករក្សាទុកនៅឧទ្យានជាតិជួរភ្នំក្រវាញស្នាក់ការឧទ្យានុរក្សតាំងបំពង់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្ដីពីបទល្មើសព្រៃឈើ។
ការរក្សាអេស្កាមិនទាន់បានពីរខែផង អេស្កានោះ ក៏បានបាត់ពីទីស្នាក់ការឧទ្យានុរក្សតាំងបំពង់។ ការបាត់អេស្កានេះ មានការទម្លាយពីភាពមិនប្រក្រតីពាក់ព័ន្ធការបង់លុយពីម្ចាស់អេស្កាតម្លៃប្រមាណ ១២,០០០ដុល្លារ។
តបការលើកឡើងនេះ លោក សុខ ចាន់សុវណ្ណា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានអះអាងថា សំណុំរឿងអេស្កានេះ ការិយាល័យបានបញ្ជូនសំណុំរឿងតាមរយៈមន្ទីរទៅតុលាការនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ លុះដល់ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ សាលាដំបូងខេត្ត បានចារលើសំណុំរឿងមកមន្ទីរវិញ ដោយបញ្ជាក់ថាករណីនេះមានភ័ណ្ឌច្រឡំតិចតួច គម្បីមន្ទីរពិនិត្យលទ្ធភាពប្រគល់អេស្កាជូនទៅម្ចាស់វិញ។
ក្រោយពីបានការចារពីតុលាការមកមន្ទីរ មន្ទីរបានចារទៅការិយាល័យមុខការ ហើយការិយាល័យក៏បានកសាងសំណុំរឿងពិន័យអន្តរការណ៍វិញ ពីបទនាំចូលគ្រឿងចក្រក្នុងតំបន់ការពារធម្មជាតិ និងកាប់គាស់រុករានដីព្រៃ បំផ្លាញធនធានធម្មជាតិដោយគ្មានការអនុញ្ញាត ដែលជាអំពើល្មើសនឹងប្រការ៥ ចំណុច១ នៃប្រកាសលេខ០១០ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ និងប្រការ៤ ចំណុច៣ នៃប្រកាសលេខ៤១០ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
បើទោះបីមានការបញ្ជាក់បែបនេះក្តី ក៏នៅមានការសង្ស័យច្រើនលើការដោះលែងអេស្កានេះ សង្ស័យជាការដោះលែងថ្នូរនឹងផលប្រយោជន៍ ហើយគួរមានការស៉ើបអង្កេត ឬធ្វើអធិការកិច្ច៕