(សៀមរាប)៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ខេត្តសៀមរាប បានជួបឧបទ្ទេវហេតុខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅស្ទើរគ្រប់ក្រុង ស្រុកទូទាំងខេត្តសៀមរាប បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ រងរបួសជាច្រើននាក់ និងដួលដើមឈើជាច្រើនកន្លែងផងដែរ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍ខ្យល់កន្ដ្រាក់នេះបានប៉ះពាល់ដល់មូលដ្ឋានក្រុង ស្រុក ចំនួន១០ ក្នុងនោះរួមមាន៖ ក្រុងសៀមរាប, ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកជីក្រែង, ក្រុងរុនតាឯក, ស្រុកអង្គរជុំ, ស្រុកស្វាយលើ, ស្រុកអង្គធំ, ស្រុកបន្ទាយស្រី និងស្រុកសូត្រនិគមន្ដ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាប គិតត្រឹមម៉ោង៩យប់ បានបញ្ជាក់ថា ឧបទ្ទេវហេតុខ្យល់កន្ដ្រាក់នេះ បានបង្កឲ្យប៉ះពាល់ និងខូចខាតដូចខាងក្រោម៖
*ទី១៖ ប្រជាពលរដ្ឋប៉ះពាល់ ចំនួន១៧៨គ្រួសារ
*ទី២៖ ខូចខាតផ្ទះសម្បែង (រលំផ្ទះ/ទ្រេត) សរុបចំនួន១១ខ្នង
*ទី៣៖ ប៉ះពាល់ផ្ទះសម្បែង (របើកដំបូល និងសំយាបផ្ទះ) សរុបចំនួន១៦០ខ្នង
*ទី៤៖ ប៉ះពាល់ដំបូលព្រះវិហារ ចំនួន១ខ្នង
*ទី៥៖ ប៉ះពាល់អគាររដ្ឋបាល ចំនួន២ខ្នង
*ទី៦៖ ប៉ះពាល់ដំបូលបន្ទប់ទឹកសាធារណៈ ចំនួន២ខ្នង
*ទី៧៖ ប៉ះពាល់រោង/តូប ចំនួន៦កន្លែង
*ទី៨៖ រលំ/បាក់ដើមឈើ ចំនួន៧១ដើម
*ទី៩៖ បណ្តាលឲ្យរបួស៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ, រលំ-បាក់មែកឈើលើដងផ្លូវផងដែរ។
ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញការសោកស្តាយយ៉ាងពន់ពេក ចំពោះបាតុភូតខ្យល់កន្ត្រាក់បក់បោកចូលដល់ក្រុង និងស្រុកមួយចំនួន។ លោកបញ្ជាក់ថា រដ្ឋបាលខេត្ត សហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងចុះពិនិត្យជួយឲ្យអស់លទ្ធភាព។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងអស់ទាន់ពេលវេលា ក៏សូមអរគុណដល់ស្នងការដ្ឋាន កម្លាំងទាំងអស់ដែលបានជួយសំអាត រក្សាស្ថានភាពផ្លូវឲ្យល្អដូចដើមដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទាំងអស់៕