(ភ្នំពេញ)៖ ក្រុមការងារអភិរក្សរបស់ប្រទេសកម្ពុជា និងអន្តរជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បាននិងកំពុងចាប់ផ្ដើមយុទ្ធនាការហែលទឹកទន្លេមេគង្គ ដែលចម្ងាយ ១២០គីឡូម៉ែត្រ ចាប់ពីថ្ងៃទី១៧ ដល់ ទី២០ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅកម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។

យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) គាំទ្រដោយ រដ្ឋបាលជលផល, អង្គការ WWF-កម្ពុជា, អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាមេរិក, កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasola នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia។ សម្រាប់ បេសកកម្មនេះ គឺជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។

សូមជម្រាបថា សត្វផ្សោត ប្រឈមនឹងហានិភ័យនៃការផុតពូជ ដែលបច្ចុប្បន្នវត្តមានរបស់សត្វផ្សោតមាននៅក្នុងចម្ងាយ ១២០ គីឡូម៉ែត្ររវាង ខេត្តស្ទឹងត្រែង និងក្រចេ។ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកំពុងបន្តនេះបានជួយ ធ្វើឱ្យចំនួនរបស់វាមានស្ថេរភាព ប៉ុន្តែការគំរាមកំហែងក៏នៅតែបន្តបង្កគ្រោះថ្នាក់ដល់ចំនួនសត្វផ្សោតទឹកសាបនេះ ដូចជាការជាប់ទៅនឹងនៅក្នុងឧបករណ៍នេសាទដោយចៃដន្យ (ហៅថា «bycatch») ការបាត់បង់ទីជម្រក និងការ នេសាទខុសច្បាប់ជាដើម។

ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្នាំទន្លេដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។ បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និង ការលះបង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណនៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតម៉ងនេសាទ ដែលបោះបង់ចោលចេញពីទន្លេ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានយុទ្ធនាការហែលទឹកទន្លេមេគង្គ៖