(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុតជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការទទួលបាននូវឋានន្តរសក្ដិដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលសម្តេចទាំងពីរ ជាឥស្សរជនដ៏ឆ្នើម ពោរពេញដោយភាពអង់អាចក្លាហានប្រកបដោយសមត្ថភាព ទេពកោសល្យ ភាពជា អ្នកដឹកនាំ ថែមទាំងបានលះបង់ប្តូរផ្តាច់ និងស្មោះស្ម័គ្រចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន កម្ពុជា ហើយជាក់ស្ដែងសម្ដេចទាំងពីរ បានសម្រេចស្នាដៃធំធេង ក្នុងការរួមចំណែកដល់ការរំដោះជាតិ សង្គ្រោះជាតិ ការស្តារកសាង ការពារ ការអភិវឌ្ឍនិងលើកស្ទួយកិត្តិយសប្រទេសជាតិ រហូតដល់ពេល បច្ចុប្បន្ន។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមជូនពរ សម្តេចទាំងពីរ សូមមាន សុខភាពល្អ និងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជនកម្ពុជា៕