(ភ្នំពេញ)៖ លោក សុត រស្មី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយអំពី «កញ្ចប់ថវិកាជាតិប្រចាំឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម»។ កម្មវិធីនេះ រៀបចំធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ។
វេទិកាសាធារណៈនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ជាសាធារណៈជូនសាធារណជន, អ្នកសិក្សាស្រាវជ្រាវ, ដៃគូអភិវឌ្ឍន៍, និងភាគីពាក់ព័ន្ធ អំពីទំហំថវិកាប្រចាំឆ្នាំ, សេវាសាធារណៈ, និងវឌ្ឍនភាពប្រចាំឆ្នាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលសម្រេចបាន នាពេលកន្លងមក។
ថ្លែងក្នុងពីធីនោះ លោក សុត រស្មី បានឲ្យដឹងថា ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវផែនការសកម្មភាព និងគោលនយោបាយអាទិភាពមួយចំនួនទៀតផងដែរ ដោយក្នុងនោះរួមមាន៖
១៖ បន្ដអភិវឌ្ឍន៍ និងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ដ្រហេដ្ឋារចនាសម្ព័ន្ធទឹក,
២៖ បន្ដស្ដារជួសជុល និងថែទាំប្រព័ន្ធធារាសាស្ដ្រជាប្រចាំ,
៣៖ បន្ដជំរុញលើកទឹកចិត្ដ ឱ្យប្រជាកសិកម្មស្ម័គ្រចិត្ដ ចូលរួមបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក នៅតាមគ្រប់ប្រព័ន្ធធារាសាស្ដ្រក្នុងមូលដ្ឋានរបស់ខ្លួន,
៤៖ ពង្រឹងវិធានការ ការពារទប់ស្កាត់ និងអភិរក្សធនធានទឹក,
៥៖ បន្ដធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានធាតុអាកាស ឱ្យបានមុនហេតុការណ៍,
និង៦៖ ការគិតគូរអំពីសុខភាពទន្លេ ដោយធ្វើយ៉ាងណាគិតគូរអំពីការសាងសង់ច្រាំងទន្លេ គិតពីលំហូរទឹក និងគុណភាពទឹកទន្លេ។
លោកថា ដើម្បីចូលរួមចំណែក អនុវត្ដយុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិលើវិស័យធនធានទឹកនៅកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានកំណត់យកនូវគោលបំណង គោលនយោបាយចំនួនមួយ គឺ «ការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌ និងនិរន្ដរភាព»។
ម្យ៉ាងទៀត, ដើម្បីសម្រេចបាននូវគោលបំណងគោលនយោបាយខាងលើ ក្រសួងបានរៀបចំកម្មវិធីចំនួន៥ អនុកម្មវិធីចំនួន២៥ និងចង្កោសកម្មភាពចំនួន១៤៦។ កម្មវិធីទាំង៥ រួមមាន៖
១៖ បង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក,
២៖ លើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង និងកាត់បន្ថយទឹកជំនន់ គ្រោះរាំងស្ងួត និងទឹកប្រៃ,
៣៖ បង្កើនប្រសិទ្ធភាពការការពារ និងការអភិរក្សវិស័យធនធានទឹក,
៤៖ ពង្រឹងការគ្រប់គ្រង នវានុវត្ដន៍លើព័ត៌មាន និងទិន្នន័យធនធានទឹក និងឧតុនិយម,
និង៥៖ កិច្ចការរដ្ឋបាលទូទៅ។
កម្មវិធីទាំង៥ ខាងលើ មានតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមមាន៖
១៖ ធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ដើម្បីបង្កើនចំណូល និងការងារជូនប្រជាកសិករតាមជនបទ,
២៖ រក្សានិរន្តរភាព និងបង្កើនការការពារផ្ទៃដីកសិកម្មដំណាំគ្រប់ប្រភេទ (រក្សាបានបរិមាណផល ទិន្នផលស្រូវ) ការពារទ្រព្យសម្បតិ្តសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ជាតិ, ៣៖ ធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងអភិរក្សអាងទន្លេបឹងបួរធម្មជាតិ,
៤៖ ព្យាករណ៍ និងផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា និងកាន់តែមានសុក្រឹត្យភាពនូវស្ថានភាពជលសាស្រ្ត ស្ថានភាពឧតុនិយម និងទិន្នន័យប្រព័ន្ធធារាសាស្រ្ត ឱ្យមានលក្ខណៈត្រឹមត្រូវច្បាស់លាស់,
និង៥៖ ការបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងស្ថាប័នឱ្យបានល្អប្រសើរ៕